សីតណ្ហភាពចុះត្រជាក់ដល់១៣ ទៅ១៤ អង្សានៅចុងសប្ដាហ៍នេះ

146

សីតណ្ហភាពនៅកម្ពុជានឹងចុះត្រជាក់ជាលើកទី​ ៤  ធ្លាក់ដល់ ១៣ ទៅ ១៤ អង្សានៅចុងសប្ដាហ៍នេះ។

តាមការចុះផ្សាយនៅថ្ងៃទី ០១ ខែ កុម្ភៈ របស់ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាបន្ទាប់ពីធ្វើការ​ព្យាករណ៍​​ស្ថានភាពអាកាស​ធាតុឃើញថាជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន និង ខ្យល់មូសុងឦសានបាន​កំពុង​បង្កើន​ឥទ្ធិពលគ្រប់​ដណ្ដប់លើ​ភាគ​​ខាងជើងនៃកម្ពុជា ដែលបណ្ដលឲ្យសីតណ្ហភាពចុះត្រជាក់ជាលើកទី ៤ ចាប់​ពី​ថ្ងៃទី ៤ ដល់ទី ៩ ខែកុម្ភៈនេះ។

ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាតំបន់ខ្លះអាចនឹងចុះត្រជាក់ដល់ ១៣ ទៅ ១៤ អង្សា ដូចជាតំបន់​ជួរភ្នំដងរែក។ ចំណែកឯខែឧត្តមមានជ័យ បៃលិន ព្រះវិហារ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ចុះត្រជាក់ត្រឹម ១៥ ទៅ ១៦ អង្សា។

ខេត្តមួយចំនួនទៀត ចុះដល់ ១៧ ទៅ ១៨ អង្សា ដែលមានដូចជា សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ កំពង់ធំ កំពង់ចាម ក្រចេះ ត្បូងឃ្មុំ និង​កោះកុង ចំណែកឯភ្នំពេញ និង ខេត្តមួយចំនួនទៀតដូចជាកំពង់ឆ្នាំ កំពង់ស្ពឺ តាកែវ កណ្ដាល ស្វាយរៀង ព្រៃវែងសីតណ្ហ​ភាពចុះត្រឹម ១៩ ទៅ ២០ អង្សា។

ចំពោះខេត្តកែប កំពត និង ព្រះសីហនុ មានសីតណ្ហភាពរហូតដល់ទៅ ២៣ ទៅ ២៤ អង្សា៕