ក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្នត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់

124

ក្រសួងសុខាភិបាលអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបរិភោគចំណីអាហារ ជាពិសេសត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់។

ការអំពាវនាវបែបនេះដើម្បីជៀសវាងបញ្ហាសុខភាព បន្ទាប់ពីមានករណីពុលត្រី​ក្រពតនៅខេត្តកោះកុង​បណ្ដាល​ឲ្យស្លាប់បុរសម្នាក់ និង​ពុលមានសភាពធ្ងន់ធ្ងរចំនួន ៩នាក់ផ្សេងទៀត​កាលពីពេល​ថ្មីនេះ។

កាលពីថ្ងៃទី ២២ ខែមករា ពលរដ្ឋនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ចំនួន ១០នាក់បានពុល​ត្រី​ក្រពត​បណ្ដាលឲ្យបាត់បង់ជីវិតម្នាក់ និង​ពុលធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់ផ្សេងទៀត។

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានជាថ្មីមួយចុះថ្ងៃទី ២៥ ខែមករានេះ ដើម្បីរំលឹក និង​ជំរុញ​ឲ្យ​ពលរដ្ឋ​មានការ​អនុវត្តនូវការបង្ការបញ្ហាសុវត្ថិភាពចំណីអាហារ និងប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ ដើម្បី​ជៀស​វាងបញ្ហាសុខភាព និងជៀសវាងការបរិភោគត្រីក្រពតដែលអាច​បណ្ដាល​ឲ្យ​បាត់បង់អាយុជីវិត។

ក្រសួងក៏បានលើកឡើងដែរថាត្រីក្រពតនៅកម្ពុជាមានចំនួន ១០ ប្រភេទ ដែលក្នុងនោះមាន​៣ ប្រភេទដូចក្នុង​រូប​ខាង​​ក្រោមមានជាតិពុល ដែល​សារជាតិពុលនៅក្នុងត្រីក្រពតនោះមិនអាចកំចាត់ចោលតាមរយៈការចំអិន ឬដាក់ឲ្យ​កក់​នោះទេ។

ក្រសួងសុខាភិបាលក៏បន្តជំរុញឲ្យអ្នកទទួលទានអាហារ និង​ទាំងអ្នកបម្រើសេវាចំណីអាហារឲ្យដើរតួនាទីសំខាន់ក្នុង​ការអនុវត្តនូវសុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំចំណីអាហារ ការរក្សាទុកដាក់ និង ការចំអិនអាហារជា​ដើម​៕