ស្នងការខេត្តកណ្ដាលត្រៀមកម្លាំងជិត ១០០០នាក់ ការពារសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេ

55

កម្លាំង​នគរបាល​ខេត្តកណ្តាល​ប្រមាណ​ជិត​មួយ​ពាន់​នាក់​ ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​ ដើម្បីត្រៀម​រក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ឱកាស​បុណ្យ​ទន្លេ​នា​ពេល​ខាង​មុខ​នេះ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានា​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ខេត្តកណ្តាល​ប្រមាណ​ជិត​មួយ​ពាន់​នាក់​ ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​ធ្វើការ​បែងចែក​តាម​គោលដៅ ​​រក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ឱកាស​បុណ្យ​ទន្លេ​នៅថ្ងៃទី ៩ ដល់ ១១ ខែ មីនានេះ។​

តាមការចុះផ្សាយដដែលស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​ អ៊ា​វ​ ចំរើន​ បាន​ថ្លែង​ថា​ នៅ​ព្រឹក​នេះ​លោក​ និង​លោកស្នងការ​រង​ ព្រមទាំង​សហការី​ បាន​ធ្វើការ​បែងចែក​កម្លាំង​ចម្រុះ នៅ​តាម​គោលដៅ​ជា​ច្រើន​កន្លែង​ ដើម្បី​ត្រៀម​ រក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ឱកាស​បុណ្យ​ទន្លេ​​នេះ​ ។​

តាមការចុះផ្សាយដដែលលោក​ អ៊ា​វ​ ចំរើន​ ថា​ បុណ្យ​ទន្លេ​ ខេត្ដកណ្ដាល​ ទើប​ទទួល​បាន​រៀបចំ​ឡើងជា​លើក​ទី​១​ នៅ​ដង​ទន្លេបាសាក់​ ត្រង់​ចំណុច​ខាង​មុខ​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​ ដោយ​មានការ​អនុញ្ញាតិ​ពី​សម្ដេច​អគ្គ​មហារ​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

តាមការចុះផ្សាយដដែ​លោកស្នងការ​បន្ដ​ថា​ តាម​ការ​រៀបចំ​របស់​គណៈកម្មការ​ បុណ្យ​ទន្លេ​មាន​​ លេងល្បែង​ ប្រជាប្រិយ​ ​ប្រកួត​កីឡា​ ហែល​ទឹក​ ប្រណាំង​កង់​ និង​ល្បែង​លេង​កំសាន្ដ​ជា​ច្រើន​ទៀត​ ដែល​មិន​ធ្លាប់​មាន​ ដោយឡែក​ក៏​មាន​ស្ដង់​ប្រមាណ​ជាង​៥៥០​ស្ដង់​ ដាក់​តាំង​លក់​ផលិតផល​ក្នុងស្រុក​ និង​ផលិត​ផល​ក្រៅ​ស្រុក​ជា​ច្រើន​ ។

​តាមការចុះផ្សាយនោះបន្តថាតាម​ការ​ប៉ាន់ស្មាន​ ក្នុង​មួយ​ថ្ងៃ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ទេសចរណ៍​អន្ដរជាតិ​ ចូលរួម​លេង​កំសាន្ដ​មិន​ក្រោម​៣០​ម៉ឺន​នាក់​នោះ​ទេ​​ ដូច្នេះ​សមត្ថកិច្ច​នគរបាល​ខេត្ដកណ្ដាល​មាន​តួនាទី​រក្សា​ ការពារ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ និង​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​​ដែល​អញ្ជើញ​មក​លេង​កំសាន្ដ​៕