កម្ពុជា-វៀតណាមរួមគ្នាសាងសង់ផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា»

115
បើកការដ្ឋានសាងសង់ជាផ្លូវការនូវផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា» ។ រូបក្រសួងពាណិជ្ជកម្ម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និង ឯកអគ្គរដ្ឋទូតវៀតណាម នៅកម្ពុជាលោក វ៉ូ ហ្គុងមិញ (Vu Quang Minh)។ រូបក្រសួងពាណិជ្ជកម្ម។

កម្ពុជា-វៀតណាមបានរួមគ្នាបើកការដ្ឋានសាងសងផ្សារគំរូព្រំដែនមួយជាលើកដំបូងឈ្មោះថា «ផ្សារដា» ដើម្បី​បង្កើន​​ទំហំ​ពាណិជ្ជ​កម្ម​នៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។

តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែមករានេះរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ាន សូរស័ក្តិ និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាលោក វ៉ូ ហ្គុងមិញ (Vu Quang Minh)បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា»  ដែលមាន​ទីតាំង​ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ និងជាប់ព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។

ការចុះផ្សាយដដែលនោះឲ្យដឹងថាលោក ប៉ាន សូរស័ក្តិបានថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋាន​សាង​សង់ថា ​​លោកជំនឿថា ផ្សារគំរូព្រំដែននេះនឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់​ជីវភាព​​ប្រជាជនកម្ពុជា-វៀតណាម។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា៖ «ការបង្កើតផ្សារគំរូនេះ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការ​ពង្រឹង​​កិច្ច​សហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និង​ជិត​ប្រជា​ពលរដ្ឋ ជាពិសេសឈាន​ទៅសម្រេចឲ្យ​បាននូវទំហំពាណិជ្ជកម្មចំនួន ៥,០០០លានដុល្លារ តាមផែនការ​មេ​ដែល​បានគ្រោងទុកក្នុងពេលអនាគត»។

លោក បន្ថែមថាផ្សារនេះ​ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញ​របស់ប្រជាជន​នៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែង​រាំង​ស្ទះ​ដល់​ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម។

ជាមួយគ្នានោះលោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និង​ពាណិជ្ជ​កម្ម ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុក​ជានិម្មិត​រូប និងជា​សមិទ្ធ​ផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

ការចុះផ្សាយដដែលនោះបន្តថាគម្រោងសាងសង់ផ្សារនេះ​ ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយ​ត្រូវ​​បាន​បន្តអនុវត្តឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដីទំហំ ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់​សេដ្ឋកិច្ចពិសេស ថារី​ត្បូង​ឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន ៤៤,៧៦១,៤១១,០០០វៀតណាម​ដុង ឬប្រមាណជិត ២ លាន​ដុល្លារ​​អាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម៕