អាមេរិកស្វាគមន៍កិច្ចប្រជុំអន្តរកូរ៉េ ស្តីពីកីឡាអូឡាំពិក ប៉ុន្តែអះអាងថា ការដាក់ទណ្ឌកម្មនៅតែបន្តធ្វើ

31

សហរដ្ឋអាមេរិក បានស្វាគមន៍ការចរចារអន្តរកូរ៉េ ដែលនាំឱ្យមានកិច្ចព្រមព្រៀងរបស់កូរ៉េខាងជើងដើម្បីចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារ និងពិភាក្សាអំពីការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែសហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តយុទ្ធនាការដាក់សម្ពាធអតិបរិមារបស់ខ្លួនដដែល ដើម្បីធានាឱ្យកូរ៉េខាងជើង ដើរតាមផ្លូវមួយដើម្បីបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកសូមស្វាគមន៍ចំពោះកិច្ចប្រជុំរវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងកាលពីថ្ងៃទី៩ ខែមករា ក្នុងគោលបំណងធានាឱ្យមានការប្រកួតកីឡាអូឡាំពិករដូវរងារ ដែលមានសុវត្ថិភាពនិងទទួលបានជោគជ័យនៅក្នុងទីក្រុង Pyeongchang។

លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកនៅតែមានការពិគ្រោះយ៉ាងជិតស្និទ្ធជាមួយមន្រ្តីកូរ៉េខាងត្បូង ដែលនឹងធានាការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងកីឡាអូឡាំពិករដូវរងារ មិនបំពានលើទណ្ឌកម្មដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខ សហភាពអ៊ឺរ៉ុប ស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ដែលមិនស្របច្បាប់របស់កូរ៉េខាងជើងនោះទេ។

កិច្ចប្រជុំនេះ ក៏បានបង្កើតនូវកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើកិច្ចចរចា ស្តីពីការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនអន្តរកូរ៉េ។ កូរ៉េខាងជើងបានប្រាប់កូរ៉េខាងត្បូងថា ខ្លួនទើបតែបានបើកដំណើរការឡើងវិញនូវបណ្តាញទំនាក់ទំនងយោធាទៅភាគខាងលិច។ ក្រសួងការបរទេសរបស់ក្រុងសេអ៊ូល បាននិយាយថារដ្ឋាភិបាលអាចព្យួរបណ្តោះអាសន្ននូវការដាក់ទណ្ឌកម្មប្រសិនបើចាំបាច់ ដើម្បីឱ្យមន្ត្រីកូរ៉េខាងជើងចូលរួមការប្រកួត។

ភាពតានតឹងបានកើនឡើងដល់កម្រិតថ្មី កាលពីឆ្នាំមុន នៅពេលដែលក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបបីលើក ដែលមានសមត្ថភាពអាចវាយប្រហារសហរដ្ឋអាមេរិក និងបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរទី៦របស់ខ្លួន។ ខណៈដែលក្រុមប្រឹក្សាសន្តិសុខ បានដាក់ទណ្ឌកម្មថ្មីមួយលើរបបនេះដើម្បីទប់ស្កាត់លំហូរប្រេង និងប្រាក់ចំណូលទៅក្នុងកម្មវិធីអាវុធ។

អ្នកនាំពាក្យក្រសួងការបរទេសបានកត់សម្គាល់ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនចេអ៊ីន និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានយល់ព្រមក្នុងការអំពាវនាវកាលពីសប្តាហ៍មុនថា នឹងបន្តយុទ្ធនាការនៃការដាក់សម្ពាធអតិបរិមាទៅលើកូរ៉េខាងជើង ឆ្ពោះទៅកាន់គោលដៅនៃការលុបបំបាត់ពេញលេញនូវកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕