លោក បាន គីមូន សង្ឃឹមថា កិច្ចចរចារអន្តរកូរ៉េ អាចនាំឱ្យមានការសន្ទនាអំពីការលុបបំបាត់នុយក្លេអ៊ែរ

47

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (យូអិន) លោក បាន គីមូន បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថា កិច្ចចរចានាពេលខាងមុខរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងនាំឱ្យមានការពិភាក្សាដ៏មានអត្ថន័យជាងមុន ស្តីពីការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC នៅសៀងហៃ ប្រទេសកូរ៉េខាងត្បូង បាននិយាយថាលោកត្រូវបានលើកទឹកចិត្តដោយកិច្ចចរចាកម្រិតកំពូល ដែលនឹងប្រព្រឹត្តទៅនៅភូមិព្រំដែន Panmunjom នៅថ្ងៃអង្គារនេះ។ កិច្ចប្រជុំនេះ នឹងផ្តោតលើការរៀបចំការចូលរួមរបស់ប្រជាជនកូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅ Pyeongchang ប្រទេសកូរ៉េខាងត្បូង នាខែក្រោយនេះ។ ប៉ុន្តែក្រុងសេអ៊ូលសង្ឃឹមថា វានឹងជួយបន្ថយភាពតានតឹងចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ក្រុងព្យុងយ៉ាង។

លោកបាន គីមូន បាននិយាយថា យើងសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីមានភាពតានតឹងជាច្រើនឆ្នាំមកហើយនេះ នឹងនាំឱ្យមានការពិភាក្សាដ៏ធំ និងមានអត្ថន័យជាងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុងការដោះស្រាយការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ប្រទេសកូរ៉េខាងត្បូង បានស្នើសុំកិច្ចចរចាកាលពីសប្តាហ៍មុន បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកថា លោកសង្ឃឹមថា នឹងបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយនឹងពិចារណាបញ្ជូនគណៈប្រតិភូមួយទៅកាន់ការប្រកួត PyeongChang។

វាជាការចាប់ផ្ដើមសន្តិភាពមួយដ៏កម្រ បន្ទាប់ពីមានការបង្កហេតុជាច្រើនខែ រួមទាំងការសាកល្បងនុយក្លេអ៊ែរលើកទី៦ និងការធ្វើតេស្តមីស៊ីលឆ្លងទ្វីបបីលើក ដែលធ្វើឱ្យមានការភ័យខ្លាចចំពោះការបង្កសង្គ្រាមនៅលើឧបទ្វីបនេះ។ យ៉ាងណាក៏ដោយអ្នករិះគន់ បានចោទសួរភាពស្មោះត្រង់របស់លោកគីមហើយបានចោទប្រកាន់ថា កូរ៉េខាងជើង អាចនឹងស្វែងរកវិធីគេចចេញពីសម្ពាធ និងទណ្ឌកម្មអន្តរជាតិ។

លោកបានគីមូន អតីតរដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងត្បូង បានសម្តែងនូវការគាំទ្រចំពោះការប្រើភាសាដ៏រឹងមាំរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ប្រឆាំងនឹងកូរ៉េខាងជើង។ លោកត្រាំបានគំរាមកំហែងកម្ទេចប្រទេសកូរ៉េខាងជើងឲ្យក្លាយទៅជាផេះ ប្រសិនបើចាំបាច់ និងអួតខ្លួនថា មាន ប៊ូតុងនុយក្លេអ៊ែរ ដែលធំជាង និងមានឥទ្ធិពលខ្លាំងជាងលោកគីម។

លោកបានកត់សម្គាល់ថា ក្នុងនាមជាអ្នកបំបែកបទល្មើសដ៏អាក្រក់បំផុតនៃសហគមន៍អន្តរជាតិ កូរ៉េខាងជើងបានជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលហាមឃាត់សកម្មភាពនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ខ្លួន។ វាសំខាន់ណាស់ដែលថា យើងត្រូវតែរួបរួមគ្នាក្នុងការផ្ញើសារដ៏រឹងមាំ និងខ្លាំងទៅកូរ៉េខាងជើង ដូច្នេះពួកគេគួរតែដឹងថា គ្មានវិធីផ្សេងទៀតសម្រាប់ពួកគេឱ្យត្រលប់ទៅសហគមន៍អន្តរជាតិវិញទេ។ ជាសមាជិកដែលមានការទទួលខុសត្រូវ (អនុលោមតាម) គោរពតាមបទដ្ឋានជាមូលដ្ឋានទាំងអស់នេះ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕