លោកត្រាំនិយាយថា កូរ៉េខាងជើងចង់ចរចាជាមួយកូរ៉េខាងត្បូងអាចជាដំណឹងល្អ

38

លោកប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ឆន្ទៈរបស់កូរ៉េខាងជើងចង់ចរចាជាមួយកូរ៉េខាងត្បូងអាចជាដំណឹងដ៏ល្អ ទោះបីជាលោកក៏បានសម្តែងមន្ទិលសង្ស័យក៏ដោយ។

មួយថ្ងៃមុនមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកគឺបើកចំហសម្រាប់កិច្ចសន្ទនាជាមួយក្រុងសេអ៊ូល និងអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅ Pyeongchang របស់កូរ៉េខាងត្បូង នៅខែក្រោយនេះ។ ការកត់សម្គាល់របស់លោកគីម បានលើកឡើងនូវក្តីសង្ឃឹមថា ភាពតានតឹងនៅលើឧបទ្វីប អាចនឹងត្រូវបានបន្ធូរបន្ថយ បន្ទាប់ពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងដ៏មានឥទ្ធិពលកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង ម្តងហើយម្តងទៀត។

លោកត្រាំបាននិយាយថា ការដាក់ទណ្ឌកម្មនិងសម្ពាធផ្សេងទៀត បានចាប់ផ្តើមមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកូរ៉េខាងជើង ដោយសំដៅទៅលើការដាក់ទណ្ឌកម្មអន្តរជាតិ អំពីកម្មវិធីមីស៊ីលអន្តរទ្វីប និងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ ហើយឥឡូវនេះ អាមេរិកដឹកនាំកូរ៉េខាងជើង ចង់និយាយទៅកាន់កូរ៉េខាងត្បូងជាលើកដំបូង។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានឆ្លើយតបទៅនឹងសំណើរបស់លោកគីម ដោយស្នើសុំការចរចាអន្តរកូរ៉េនៅថ្ងៃអង្គារក្រោយនេះ។ ពួកគេនឹងបើកកិច្ចចរចាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥ ហើយទំនងជាផ្តោតលើការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិក។ ទីក្រុងសេអ៊ូលបានចង់បន្ធូរបន្ថយភាពតានតឹងជាមួយក្រុងព្យុងយ៉ាង មុនពេលព្រឹត្តិការណ៍នេះ ដើម្បីធានាបាននូវភាពជោគជ័យរបស់ខ្លួន និងត្រួសត្រាយផ្លូវសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនចេអ៊ីន បានអំពាវនាវឱ្យផ្អាកការធ្វើសមយុទ្ធនៅនិទាឃរដូវប្រចាំឆ្នាំដោយកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រហូតដល់ក្រោយការប្រកួតចប់ ដើម្បីចៀសវាងបញ្ឆេះកំហឹងដល់របបព្យុងយ៉ាង ដែលចាត់ទុកការធ្វើសមយុទ្ធជាការហាត់សមធ្វើសង្គ្រាមជាមួយខ្លួន៕