កូរ៉េខាងត្បូងរឹបអូសយកនាវាប៉ាណាម៉ា ដោយសង្ស័យថា បាននាំប្រេងទៅកាន់កូរ៉េខាងជើង

41

អាជ្ញាធរដែនសមុទ្របាននិយាយថា កូរ៉េខាងត្បូងបានរឹបអូសនាវាដឹកទំនិញមួយគ្រឿង ដែលមានរូបទង់ជាតិប្រទេសប៉ាណាម៉ា ដោយសង្ស័យថា បានលក់ប្រេងទៅឱ្យកូរ៉េខាងជើងនៅឯដែនសមុទ្រ ដែលបានរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

នាវា KOTI ដែលមានទំហំ ៥.១០០តោន ត្រូវបានរឹបអូសយកនៅកំពង់ផែ Pyeongtaek-Dangjin ភាគខាងលិចខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង។ បើតាមការិយាល័យសន្តិសុខដែនសមុទ្រ បាននិយាយថា មន្រ្តីសន្តិសុខនិងគយបានប្រារព្ធកិច្ចប្រជុំមួយ កាលពីថ្ងៃទី២១ ខែធ្នូ ហើយបានសម្រេចមិនអនុញ្ញាតឱ្យនាវានោះ ចាកចេញពីកំពង់ផែនោះឡើយ។ ក្រោមការស៊ើបអង្កេតដោយកូរ៉េខាងត្បូង ដោយសារតែមានការសង្ស័យពីការលួចជួយផ្គត់ផ្គង់ប្រេងទៅកាន់កូរ៉េខាងជើង ដែលត្រូវហាមឃាត់ជុំវិញការដាក់ទណ្ឌកម្មអន្តរជាតិ លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

អាជ្ញាធរបាននិយាយថា នាវិករបស់នាវា KOTI ដែលភាគច្រើន គឺជាជនជាតិចិន និងភូមា។ ហើយពួកគេបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតនៃការស៊ើបអង្កេតនេះទេ ហើយក្រសួងការបរទេសក៏បាននិយាយថា មិនទាន់បានទទួលការជូនដំណឹងជាផ្លូវការណាមួយពីភ្នាក់ងារពាក់ព័ន្ធលើការសាកសួរនោះនៅឡើយទេ។

ដោយឡែក រដ្ឋាភិបាលក្រុងសេអ៊ូល បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងស៊ើបអង្កេតនាវា ដែលមានទង់ជាតិហុងកុង ដែលមានឈ្មោះថា Lighthouse Winmore ពីបទលួចផ្ទេរប្រេងទៅកាន់នាវាកូរ៉េខាងជើងមួយគ្រឿង នៅដែនសមុទ្រអន្តរជាតិ កាលពីថ្ងៃទី១៩ ខែតុលា។ នាវាដែលត្រូវបានរឹបអូសយកទុកនៅកំពង់ផែ Yeosu កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវគេសង្ស័យថា បានបញ្ជូនប្រេងចម្រាញ់ចំនួន ៦០០តោនទៅនាវាកូរ៉េខាងជើងឈ្មោះ Samjong No.2។

សេចក្តីសម្រេចលេខស ២៣៧៥ របស់ UNSC ដែលបានអនុម័តក្នុងខែកញ្ញា បានហាមឃាត់ដល់បណ្តាប្រទេសដែលជាសមាជិកទាំងអស់ ឈប់ផ្ទេររាល់មុខទំនិញទៅឲ្យកូរ៉េខាងជើង។ រីឯសេចក្តីសម្រេចលេខ ២៣៩៧ ដែលបានអនុម័តត្រឹមតែមួយសប្តាហ៍មុន បានអនុញ្ញាតឱ្យប្រទេសមួយ ដើម្បីចាប់យកនិងមើលទៅលើនាវា ដែលសង្ស័យថា បានចូលរួមនៅក្នុងសកម្មភាពហាមឃាត់ជាមួយកូរ៉េខាងជើង៕