កូរ៉េខាងជើងរិះគន់អាមេរិក ខណៈដែលលោកត្រាំប្រើពាក្យសំដីពាក់ព័ន្ធបញ្ហាកូរ៉េខាងជើង

37

ប្រទេសកូរ៉េខាងជើង បានបន្តប្រើពាក្យសម្តីដ៏អាក្រក់របស់ខ្លួន ដែលសំដៅទៅសហរដ្ឋអាមេរិក បើទោះបីជាការថ្លែងសុន្ទរកថានាពេលថ្មីៗនេះរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដែលបានលើកមកនិយាយពីបញ្ហានុយក្លេអ៊ែរ និងមីស៊ីលផ្លោងកូរ៉េខាងជើងក៏ដោយ។

កាលពីថ្ងៃសៅរ៍ លោកត្រាំបាននិយាយថា លោកមានឆន្ទៈនិយាយដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហើយថា លោកសង្ឃឹមថា កូរ៉េខាងត្បូងនឹងពិភាក្សាគ្នាច្រើនជាងរឿងកីឡាអូឡាំពិក នៅក្នុងកិច្ចចរចាអន្តរកូរ៉េនាពេលខាងមុខ ស្តីពីការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិករដូវរងារ ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុង Pyeongchang។ កិច្ចប្រជុំនេះត្រូវបានកំណត់សម្រាប់ថ្ងៃអង្គារនេះ។

យោងតាមកាសែត Rodong Sinmun ដែលជាកាសែតរបស់គណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើង បាននិយាយនៅក្នុងរឿងមួយ ដែលមានចំណងជើងថា ជំហររឹងមាំរបស់កូរ៉េខាងជើង។ កងកម្លាំងចក្រពត្តិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់បណ្តាប្រទេសដទៃទៀត និងសំលាប់អ្នករស់នៅដោយសន្តិវិធីលើគោលនយោបាយបរទេសរបស់ខ្លួន។

កាសែតនេះបាននិយាយថា ស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះ កំពុងអំពាវនាវឱ្យមានការបើកចំហជាមូលដ្ឋាននៃពិភពលោកមិនស្មើភាព ដែលក្នុងនោះមានផែនការ ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យនានា ដែលត្រូវបានបង្ខំដោយកងកម្លាំងប្រតិកម្មរបស់ចក្រពត្តិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយគោលការណ៍ជាមូលដ្ឋាននៅក្នុងទំនាក់ទំនងអន្ដរជាតិ ត្រូវបានគេមិនអើពើ។

Rodong Sinmun បាននិយាយបន្ថែមទៀតថា លំដាប់អន្ដរជាតិមិនស្មើភាព ដែលដឹកនាំដោយអាមេរិកត្រូវបានរង្គោះរង្គើដោយសាធារណរដ្ឋរបស់យើង (កូរ៉េខាងជើង) ដែលបានផុសឡើងជារដ្ឋយុទ្ធសាស្ត្រថ្មីមួយដែលមានសមត្ថភាពបង្កការគំរាមកំហែងនុយក្លេអ៊ែរពិតប្រាកដ ដែលវាយប្រហារទៅលើទឹកដីសហរដ្ឋអាមេរិកទាំងមូល។ ការធ្វើអត្ថាធិប្បាយ ស្តីពីការទទួលស្គាល់ក្រុងយេរ៉ូសាឡឹម ថាជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ដែលបានហៅលោកត្រាំថា ជាឈ្មួញសង្រ្គាមធំបំផុត ដែលបំផ្លាញសន្តិភាពពិភពលោក។ វាបានបន្ថែមថា សហរដ្ឋអាមេរិក កំពុងបង្កើនស្ថានភាពអន្ដរជាតិ ដោយការនាំចេញអាវុធ៕