កូរ៉េខាងបងប្អូនទាំងពីរយល់ព្រមបើកកិច្ចចរចាកម្រិតកំពូល នៅសប្តាហ៍ក្រោយនេះ

35

កូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានព្រមព្រៀងគ្នានៅថ្ងៃសុក្រនេះហើយ ដើម្បីបើកកិច្ចចរចាកម្រិតកំពូលនៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាពីសក្តានុពលរបស់ទីក្រុងព្យុងយ៉ាង ក្នុងការចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារ Pyeongchang និងវិធីដើម្បីពង្រឹងទំនាក់ទំនងឡើងវិញ និងកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានជូនដំណឹងដល់ក្រុងសេអ៊ូលថា ខ្លួនបានទទួលយកការផ្តល់ជូនថ្មីរបស់ខ្លួន ដើម្បីធ្វើកិច្ចចរចានៅថ្ងៃអង្គារសប្តាហ៍ក្រោយនៅខាងកូរ៉េខាងត្បូង ស្ថិតក្នុងតំបន់ប៉ានម៉ុនជូម។

អ្នកនាំពាក្យក្រសួងនេះ លោក Baik Tae-hyun បានប្រាប់សន្និសីទសារព័ត៌មានមួយថា ធាតុសំខាន់ៗនៃរបៀបវារៈនឹងរួមបញ្ចូលរបៀប ដើម្បីធ្វើឱ្យទំនាក់ទំនងកូរ៉េទាំងពីរ មានភាពប្រសើរឡើងវិញ រួមទាំងការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងការប្រកួតកីឡារដូវរងាផងដែរ។

លោកបាននិយាយថា ភាគីទាំងពីរនឹងពិភាក្សាលម្អិតអំពីតម្រូវការចាំបាច់សម្រាប់ការចរចា រួមទាំងសមាសភាពប្រតិភូតាមរយៈការផ្លាស់ប្តូរឯកសារ។ ការចរចានេះ វាបានបង្ហាញពីសញ្ញានៃទំនាក់ទំនងដ៏យូរអង្វែងមួយ បានកើតឡើងនៅពេលដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសម្តែងឆន្ទៈក្នុងការបញ្ជូនគណៈប្រតិភូទៅចូលរួមការប្រកួតកីឡាអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនៅភាគខាងត្បូង នៅខែក្រោយ នៅក្នុងសារលិខិតឆ្នាំថ្មីរបស់លោក ដែលជាការផ្សំផ្គុំដ៏កម្រមួយទៅកាន់កូរ៉េខាងត្បូង។

ក្រុមអ្នកជំនាញបាននិយាយថា ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ក្នុងការពន្យារពេលការធ្វើសមយុទ្ធយោធារួមគ្នា រហូតដល់បញ្ចប់ព្រឹត្តិការណ៍កីឡានេះ ដែលត្រូវបានបញ្ជាក់ដោយប្រធានាធិបតីរបស់ពួកគេទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍ ហាក់ដូចជា បានជំរុញឱ្យកូរ៉េខាងជើងទទួលយកកិច្ចសន្ទនារបស់កូរ៉េខាងត្បូង។

ប្រទេសកូរ៉េខាងជើងបានប្រកាសជាយូរមកហើយថា សមយុទ្ធយោធាជាការហាត់សមសង្រ្គាម ហើយបានប្រើវាជាលេសសម្រាប់ការបង្កហេតុរបស់ខ្លួន។ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនេះ មានលក្ខណៈការពារជាតិតែប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំថ្មីរបស់លោកគីម បានអំពាវនាវកូរ៉េខាងត្បូង និងអាម៉េរិក ផ្អាកសមយុទ្ធយោធានិងបញ្ឈប់ការដាក់ពង្រាយកងកម្លាំងជាទៀងទាត់របស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញឧបទ្វីបកូរ៉េ។ ហើយសុន្ទរកថារបស់លោក ត្រូវបានគេចាត់ទុកថា ជាបុព្វហេតុរបស់កូរ៉េខាងជើង សម្រាប់កិច្ចពិភាក្សា។

រដ្ឋាភិបាលប្រធានាធិបតីលោក មូនចេអ៊ីន សង្ឃឹមថា ទំនាក់ទំនងអន្តរកូរ៉េល្អប្រសើរអាចជួយត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងកិច្ចពិភាក្សាទូលំទូលាយរវាងអាមេរិក និងកូរ៉េខាងជើង។ ប៉ុន្តែក្រុមអ្នកជំនាញខ្លះ បាននិយាយថា ការចាប់ផ្ដើមរបស់កូរ៉េខាងជើង ទៅកាន់កូរ៉េខាងត្បូង អាចជួយកាត់បន្ថយការដាក់ទណ្ឌកម្មទៅលើក្រុងព្យុងយ៉ាង រវាងសម្ព័ន្ធភាពក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។

ប្រទេសកូរ៉េខាងជើងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិដ៏តានតឹង ជុំវិញការបង្កហេតុនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន រួមទាំងការសាកល្បងនុយក្លេអ៊ែរទី៦ និងដ៏មានឥទ្ធិពលបំផុត កាលពីខែកញ្ញាឆ្នាំមុន និងការបាញ់មីស៊ីលឆ្លងទ្វីបចំនួនបីលើក (ICBMs)៕