កូរ៉េខាងត្បូងស្វែងរកការពិភាក្សាអំពីក្រុមគ្រួសារដែលបានបែកបាក់គ្នា និងកាត់បន្ថយភាពតានតឹងនៅឯកិច្ចចរចាអន្តរកូរ៉េ

38

គណៈប្រតិភូជាន់ខ្ពស់របស់ក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូងនឹងស្វែងរកវិធីសាស្ត្រដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា និងរួបរួមគ្រួសារដែលត្រូវបានបែកបាក់គ្នា នៅក្នុងកិច្ចចរចាកម្រិតខ្ពស់នៅសប្តាហ៍នេះ ជាមួយកូរ៉េខាងជើង។

រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Cho Myoung-gyon បានធ្វើការកត់សម្គាល់មួយថ្ងៃមុនពេលកូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងធ្វើកិច្ចចរចាជាផ្លូវការជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាងពីរឆ្នាំ ដើម្បីពិភាក្សាអំពីការចូលរួមសក្តានុពលរបស់កូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ PyeongChang និងវិធីសាស្រ្តដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេឡើងវិញ។

លោកជូបានប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅពេលដែលភាគីទាំងពីរពិភាក្សាលើទំនាក់ទំនងអន្តរកូរ៉េរដ្ឋាភិបាលនឹងស្វែងរកបញ្ហាគ្រួសារដែលហែកហួរដោយសង្គ្រាម និងវិធីដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា។ លោកជូនឹងដឹកនាំគណៈប្រតិភូរដ្ឋាភិបាល ដែលមានសមាជិក ៥រូប ទៅកាន់កិច្ចពិភាក្សាអន្តរកូរ៉េដំបូងគេចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥មក។ ប្រមុខអ្នកចរចាររបស់កូរ៉េខាងជើង គឺលោក Ri Son-gwon ដែលជាប្រធានទីភ្នាក់ងារកូរ៉េខាងជើងទទួលបន្ទុកកិច្ចការជាមួយកូរ៉េខាងត្បូង៕