មេដឹកនាំកូរ៉េខាងជើង មានចេតនាចង់ធ្វើឱ្យការដាក់ទណ្ឌកម្មអន្តរជាតិចុះខ្សោយ

29

អតីតអ្នកការទូតកូរ៉េខាងជើងជាន់ខ្ពស់ម្នាក់ បាននិយាយថា លោក គីមជុងអ៊ុន ហាក់ដូចជាកំពុងស្វែងរកការការសំរបសំរួលជាមួយប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចិន ជុំវិញដាក់ទណ្ឌកម្មអន្តរជាតិលើក្រុងព្យុងយ៉ាង នៅពេលដែលលោកបានចេញសារឆ្នាំថ្មី ដែលត្រូវបានគេមើលឃើញថា លោកមានចេតនាចង់ធ្វើឲ្យការដាក់ទណ្ឌកម្មអន្តរជាតិ ចុះខ្សោយតែប៉ុណ្ណោះ។

យោងតាមលោក Thae Yong-ho អតីតអ្នកការទូតកូរ៉េខាងជើងជាន់ខ្ពស់ម្នាក់ បាននិយាយថា លោកគីមហាក់ដូចជាកំពុងព្យាយាមប្រើសក្តានុពលពីការចូលរួមរបស់ប្រទេសនេះ នៅក្នុងកីឡាអូឡាំពិករដូវរងារ PyeongChang ដែលវាជាឧបករណ៍ ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។

លោក Thae បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយភ្នាក់ងារព័ត៌មានយ៉ុនហាប់ថា លោកគីមហាក់ដូចជាមានបំណងចង់ចាប់ដៃកូរ៉េខាងត្បូង អាម៉េរិក និងចិន ដែលជាអ្នកដើរតួនាទីសំខាន់ ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ខ្លួន ដើម្បីធ្វើឱ្យទំនាក់ទំនងរបស់ពួកគេចុះខ្សោយជុំវិញការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។ ហើននៅក្នុងសុន្ទរកថារបស់លោកគីមមានបីចំណុចសំខាន់ៗ ដោយស្នើសុំជួបចរចាដើម្បីរកដំណោះស្រាយជាមួយទីក្រុងសេអ៊ូល, បង្កការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋធានីវ៉ាស៊ីនតោន និងទទួលយកសំណើពន្យាពេលពីប៉េកាំង។

លោក Thae បានរត់ភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ បន្ទាប់ពីបម្រើជារដ្ឋមន្ត្រីម្នាក់នៅស្ថានទូតកូរ៉េខាងជើងប្រចាំនៅចក្រភពអង់គ្លេស។ លោកបានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតម្នាក់នៅក្នុងចំណោមមន្ត្រីជាច្រើនរូបរបស់កូរ៉េខាងជើង ដែលបានរត់គេចខ្លួនទៅទីក្រុងសេអ៊ូល៕