មេដឹកនាំកូរ៉េខាងជើង បើកចំហរដើម្បីពិភាក្សាជាមួយក្រុងសេអ៊ូល ប៉ុន្តែមិនបោះបង់កម្មវិធីនុយក្លេអ៊ែរ

41

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់គាត់ កាលពីថ្ងៃចន្ទថា កូរ៉េខាងជើងអាចបញ្ជូនគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍អូឡាំពិក PyeongChang ដែលនឹងត្រូវធ្វើនៅប្រទេសកូរ៉េខាងត្បូង និងបើកចំហរដើម្បីពិភាក្សាជាមួយក្រុងសេអ៊ូល។ ក៏ប៉ុន្តែលោក គីម ជុងអ៊ុន ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងមិនបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលចោលនោះទេ ដោយនិយាយថា តេឡេចុចបញ្ជាក្បាលគ្រាប់នុយក្លេអ៊ែរ គឺស្ថិតនៅក្បែខ្លួនរបស់គាត់ជានិច្ច ដូច្នេះគាត់អាចុចបញ្ជាបាញ់ចេញពេលណាមួយក៏បានដែរ។

លោកគីមបាននិយាយនៅក្នុងសុន្ទរកថារបស់លោក តាមរយៈស្ថានីយទូរទស្សន៍រដ្ឋថា ការប្រកួតកីឡារដូវរងារ ដែលនឹងប្រព្រឹត្តទៅនៅកូរ៉េខាងត្បូង នឹងក្លាយជាឱកាសដ៏ល្អសម្រាប់ប្រទេសយើង ដោយសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតកីឡាអូឡាំពិករដូវរងារ នឹងទទួលបានជោគជ័យ។ យើងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាត់វិធានការផ្សេងៗ រួមទាំងការបញ្ជូនគណៈប្រតិភូទៅកាន់ទីនោះ ដូច្នេះហើយកូរ៉េទាំងពីរអាចជួបគ្នាភ្លាមៗ ដើម្បីជជែកពិភាក្សាគ្នា។

សាររបស់លោកគីមបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅពេលទីក្រុងសេអ៊ូល កំពុងភ្ជាប់នូវក្តីសង្ឃឹម ស្តីពីការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងការប្រកួតនោះ ដោយសារតែកូរ៉េខាងត្បូងជឿជាក់ថា ការប្រកួតកីឡាអាចជួយបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ សារសំរុះសំរួលរបស់លោកគីម ទំនងជាផ្តល់ការគាំទ្រដល់លោកប្រធានាធិបតី មូន ចេអ៊ីន ដែលសង្ឃឹមថា កូរ៉េខាងជើងនឹងបានចូលរួមកាន់តែច្រើនជាមួយកូរ៉េខាងត្បូង។

កាលពីខែកក្កដា ប្រទេសកូរ៉េខាងត្បូងបានស្នើឱ្យមានកិច្ចចរចាអន្តរកូរ៉េ ស្តីពីការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា និងការរៀបចំកិច្ចប្រជុំជួបជុំគ្រួសារ ដែលបានបែកបាក់គ្នា ដោយសារតែការហែកហួរដោយសង្រ្គាម។ ដោយសង្ឃឹមថា នឹងមានការចូលរួមពីកូរ៉េខាងជើង លោកមូនបានស្នើសុំឱ្យសហរដ្ឋអាមេរិកពន្យារពេលសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ដែលអាចស្របគ្នាជាមួយនឹងការប្រកួតនេះ។ កូរ៉េខាងជើងបានប្រកាសជាយូរមកហើយនូវសមយុទ្ធនេះថា ជាការហាត់សមសង្រ្គាម ហើយបានប្រើវាជាលេសសម្រាប់ការបង្កហេតុរបស់ខ្លួន៕