កូរ៉េខាងជើងយល់ស្របដើម្បីរៀបចំកិច្ចពិភាក្សាយោធា និងបញ្ជូនគណៈប្រតិភូអូឡាំពិកទៅកូរ៉េខាងត្បូង

36

យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយបានឲ្យដឹងថា បន្ទាប់ពីកិច្ចចរចាជាន់ខ្ពស់របស់ពួកគេ កូរ៉េខាងជើងបានយល់ព្រមសំណើរបស់ក្រុងសេអ៊ូល ដើម្បីរៀបចំកិច្ចពិភាក្សាយោធា ដើម្បីកាត់បន្ថយភាពតានតឹង និងបានព្រមព្រៀងបញ្ជូនគណៈប្រតិភូទៅចូលរួមការប្រកួតអូឡាំពិករដូវត្រជាក់នៅកូរ៉េខាងត្បូង នាខែក្រោយនេះ។

ក្រុមមន្ត្រីក្រុងសេអ៊ូលបាននិយាយថា នៅក្នុងកិច្ចចរចាជាផ្លូវការជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលពីរឆ្នាំនៅឯភូមិព្រំប្រទល់ Panmunjom ពួកគេក៏បានព្រមព្រៀងគ្នាធ្វើសកម្មភាពឡើងវិញ និងធ្វើការផ្លាស់ប្តូរគ្នា តាមរយៈកិច្ចពិភាក្សាកម្រិតខ្ពស់ រួមទាំងកិច្ចប្រជុំកម្រិតខ្ពស់ផងដែរ។ កិច្ចព្រមព្រៀងនេះ បានក្លាយជាសញ្ញាដ៏សំខាន់មួយនៅក្នុងឆ្នាំនៃទំនាក់ទំនងដ៏តឹងតែងរវាងប្រទេសទាំងពីរនិងភាពតានតឹងកាន់តែខ្លាំងឡើងកាលពីឆ្នាំមុន លើការបង្កហេតុនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

កូរ៉េខាងជើងបានស្នើឱ្យបញ្ជូនមន្រ្តីជាន់ខ្ពស់ អ្នកគាំទ្រសិល្បករ សិល្បការិនី ក្រុមតៃក្វាន់ដូ និងអ្នកកាសែតបន្ថែមលើអត្តពលិក។ ស្របពេលដែលកូរ៉េខាងត្បូង បានសន្យាផ្តល់ឱ្យពួកគេនូវភាពងាយស្រួល។ ពួកគេនឹងធ្វើកិច្ចចរចាកម្រិតការងារ ដើម្បីពិភាក្សាបន្ថែមទៀត អំពីការចូលរួមរបស់កូរ៉េខាងជើង។ កូរ៉េទាំងពីរបានព្រមព្រៀងគ្នារៀបចំកិច្ចពិភាក្សាយោធា ដើម្បីពិភាក្សាអំពីវិធីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ដែលក្រុងសេអ៊ូល បានស្នើសុំកាលពី ខែកក្កដា ឆ្នាំមុន។ ប៉ុន្តែសំណើរបស់កូរ៉េខាងត្បូង ដើម្បីរៀបចំការជួបជុំគ្រួសារដែលបែកបាក់និងព្រាត់ព្រាសគ្នា ដោយសង្គ្រាមកូរ៉េចន្លោះឆ្នាំ១៩៥០-១៩៥៣ នៅក្នុងខែកុម្ភៈ មិនត្រូវបានបញ្ចូលក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាននោះទេ៕