អគ្គលេខាធិការយូអិន ស្វាគមន៍ចំពោះការបើកដំណើរឡើងវិញ នូវខ្សែរទូរស័ព្ទទំនាក់ទំនងអន្តរកូរ៉េ

31

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្វាគមន៍ចំពោះការបើកដំណើរការឡើងវិញនូវបណ្តាញទំនាក់ទំនងខ្សែរទូរស័ព្ទទាន់ហេតុការណ៍រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងដោយសង្ឃឹមថា គំនិតផ្តួចផ្តើមបែបនេះ នឹងជួយបញ្ចប់វិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបនេះ។

ប្រទេសកូរ៉េខាងជើងបានបើកដំណើរការឡើងវិញនូវខ្សែទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍នៅតំបន់ព្រំដែន Panmunjom ដើម្បីចែករំលែកព័ត៌មានទៅវិញទៅមករវាងកូរ៉េទាំងពីរ បន្ទាប់ពីការអំពាវនាវរបស់កូរ៉េខាងត្បូងស្នើឲ្យមានកិច្ចចរចាកម្រិតកំពូលនៅសប្តាហ៍ក្រោយនេះ។ ខ្សែរទូរស័ព្ទនេះ ត្រូវបានកាត់ផ្កាច់ទំនាក់ទំនងគ្នាអស់រយៈពេលជិតពីរឆ្នាំមកហើយ ដោយសារតែភាពតានតឹងនៅលើកម្មវិធីនុយក្លេអ៊ែរនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។

ប្រទេសកូរ៉េខាងត្បូងបានស្នើការចរចានេះ ដើម្បីឆ្លើយតបនឹងសុន្ទរកថាឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលក្នុងនោះលោកបានបង្ហាញពីភាពបើកចំហនៅក្នុងការសន្ទនាគ្នាជាមួយកូរ៉េខាងត្បូង និងបានបញ្ជូនគណៈប្រតិភូទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារនៅតំបន់ Pyeongchang របស់កូរ៉េខាងត្បូង នៅខែក្រោយនេះ។

លោក Farhan Haq អ្នកនាំពាក្យរបស់អគ្គលេខាធិការយូអិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វាតែងតែជាការវិវឌ្ឍន៍វិជ្ជមានមួយ ដើម្បីឱ្យមានការសន្ទនាគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ហើយនៅក្នុងបរិបទនេះ អគ្គលេខាធិការបានស្វាគមន៍ចំពោះការបើកឡើងវិញនូវបណ្តាញទំនាក់ទំនងរបស់កូរ៉េទាំងពីរ។ យើងនៅតែប្តេជ្ញាចិត្ត ដើម្បីធានាការអនុវត្តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការលុបបំបាត់កម្មវិធីនុយគ្លេអ៊ែរ និងមីស៊ីលនៅលើឧបទ្វីបកូរ៉េ ហើយសង្ឃឹមថា គំនិតផ្តួចផ្តើមផ្នែកការទូតនឹងជួយសំរេចគោលដៅនោះ៕