កូរ៉េទាំងពីរចាប់ផ្តើមការចរចាកម្រិតកំពូល ដោយផ្តោតទៅលើកីឡាអូឡាំពិករដូវរងារ

38

នៅថ្ងៃអង្គារនេះ កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ផ្តើមការចរចាជាផ្លូវការជាលើកដំបូងរបស់ខ្លួន នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងមក ដើម្បីពិភាក្សាពីសក្តានុពលរបស់កូរ៉េខាងជើង ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅខែក្រោយនេះ និងវិធីសាស្ត្រដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែងរបស់ពួកគេ។

យោងតាមក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បានឱ្យដឹងថា កិច្ចពិភាក្សាកម្រិតកំពូលនេះ បានចាប់ផ្តើមនៅម៉ោង ១០ព្រឹក នៅភូមិ Panmunjom ក្នុងតំបន់ព្រំដែនដែលមានកំពែងរឹងមាំ។ កិច្ចប្រជុំនេះបានធ្វើឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានពង្រីកការទាក់ទងគ្នាដ៏កម្រមួយទៅកាន់ទីក្រុងសេអ៊ូល ក្នុងសារចូលឆ្នាំថ្មីរបស់លោក។ លោកបានសម្តែងឆន្ទៈក្នុងការបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា PyeongChang Olympics។

កូរ៉េខាងជើងបានទទួលយកការចរចា កាលពីថ្ងៃសុក្រ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានយល់ព្រមពន្យារពេលធ្វើសមយុទ្ធយោធារបស់ខ្លួន រហូតដល់ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិក។ កូរ៉េទាំងពីរ ក៏បានបើកដំណើរឡើងវិញនូវបណ្តាញទូរស័ព្ទទំនាក់ទំនងបន្ទាន់នៅតាមបណ្តោយព្រំដែន។

លោករដ្ឋមន្ត្រីការពារប្រទេស Cho Myoung-gyon ដែលជាប្រធានចរចារបស់កូរ៉េខាងត្បូង បានឆ្លើយតបថា កិច្ចចរចាទាំងនេះ បានចាប់ផ្តើមយ៉ាងល្អ គឺភាគីទាំងពីរអាចធ្វើកិច្ចចរចាជាមួយការប្តេជ្ញាចិត្ត និងការតស៊ូ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើង ខណៈកូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិកាន់តែខ្លាំង ជុំវិញការបង្កហេតុនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរទី៦ របស់ខ្លួន និងបានបាញ់មីស៊ីលឆ្លងទ្វីបចំនួនបីលើក (ICBMs) កាលពីឆ្នាំមុន៕