កូរ៉េខាងត្បូងរឹបអូសនាវាហុងកុង ចំពេលមានការលួចផ្ទេរប្រេងខុសច្បាប់ទៅកូរ៉េខាងជើង

35

ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រថា នាវាមួយគ្រឿងដែលប្រើទង់ជាតិហុងកុង ត្រូវបានរឹបអូសនិងត្រួតពិនិត្យដោយអាជ្ញាធរកូរ៉េខាងត្បូង បន្ទាប់ពីបានលួចផ្ទេរប្រេងទៅឲ្យនាវាកូរ៉េខាងជើង នៅក្នុងដែនទឹកអន្តរជាតិ ដោយលួចផ្ទេរប្រេងពីនាវាមួយទៅនាវាមួយផ្សេងទៀត ដែលត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

មន្រ្តីគយបាននិយាយថា អាជ្ញាធរគយរបស់កូរ៉េខាងត្បូងបានស្វែងរកនាវា Lighthouse Winmore នៅពេលវាបានចូលទៅកំពង់ផែ Yeosu របស់ប្រទេសនេះ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បន្ទាប់ពីបានលួចផ្ទេរប្រេងចំនួន ៦០០តោននៃប្រេងចម្រាញ់ទៅឱ្យនាវាកូរ៉េខាងជើង កាលពីថ្ងៃទី១៩ ខែតុលា។

សេចក្តីសម្រេច UNSC លេខ ២៣៧៥ ដែលបានអនុម័តកាលពីខែកញ្ញា បានហាមឃាត់បណ្តាប្រទេសជាសមាជិកទាំងឡាយ មិនឲ្យធ្វើការផ្ទេរ ឬដោះដូររាល់មុខទំនិញពីនាវាមួយទៅនាវាមួយផ្សេងទៀត ទៅកាន់កូរ៉េខាងជើងនោះទេ។ សេចក្តីសម្រេចលេខ ២៣៩៧ ដែលត្រូវបានអនុម័តត្រឹមតែមួយសប្តាហ៍មុន អាចឱ្យប្រទេសមួយចាប់យកនិងពិនិត្យមើលនាវា ដែលសង្ស័យថា បានចូលរួមនៅក្នុងសកម្មភាពហាមឃាត់ជាមួយកូរ៉េខាងជើង។

អាជ្ញាធរបានកត់សម្គាល់ថា នាវាដែលមានរូបទង់ជាតិហុងកុង ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Billions Bunker Group របស់តៃវ៉ាន់ ហើយកាលពីមុន បានទៅធ្វើទស្សនកិច្ចនៅកំពង់ផែ Yeosu របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែតុលា ដើម្បីផ្ទុកប្រេងកាតចម្រាញ់ប្រេងរបស់ជប៉ុន និងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ក្នុងរយៈពេល ៤ថ្ងៃក្រោយមក។ ពួកគេបាននិយាយថា ជំនួសឱ្យការទៅកោះតៃវ៉ាន់ នាវានេះបានបញ្ជូនប្រេងទៅឱ្យនាវាកូរ៉េខាងជើងឈ្មោះ Sam Jong 2 និងនាវាមិនមែនកូរ៉េខាងជើងចំនួន ៣ផ្សេងទៀត នៅក្នុងដែនទឹកអន្ដរជាតិ នៅក្នុងសមុទ្រចិនខាងកើត។

អាមេរិកបានអំពាវនាវឱ្យ UNSC ដាក់នាវាចំនួន ១០គ្រឿងនៅក្នុងបញ្ជីខ្មៅសម្រាប់ការចូលរួមពាណិជ្ជកម្មដែលត្រូវបានគេហាមឃាត់ជាមួយកូរ៉េខាងជើង បើទោះបីជាប្រទេសចិន និងរុស្ស៊ីប្រឆាំងជំទាស់ក៏ដោយ។ កាលពីថ្ងៃសុក្រម្សិលមិញ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងជាមួយប្រទេសចិន បន្ទាប់ពីមានរបាយការណ៍មួយថា ចិនបានអនុញ្ញាតិឱ្យមានការនាំប្រេងចូលទៅកាន់ប្រទេសកូរ៉េខាងជើង។ កាលពីសប្តាហ៍មុន ក្រុងប៉េកាំងបានគាំទ្រសេចក្តីសម្រេចយូអិន ដែលបានរួមបញ្ចូលវិធានការកាត់បន្ថយការនាំចូលប្រេងឥន្ធនៈរបស់កូរ៉េខាងជើង រហូតដល់ ៩០ភាគរយ៕