ស្នងការរាជធានីភ្នំពេញ ប្រកាសចាត់វិធានការក្តៅចំពោះការប្រើប្រាស់អាវុធដោយខុសច្បាប់

118

(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងឆ្នាំ២០១៨ខាងមុខនេះ សមត្ថកិច្ចនឹងធ្វើការរឹតបន្តឹងចំពោះការប្រើប្រាស់អាវុធដោយធ្វើការដកពីសមត្ថកិច្ចណាដែលប្រើប្រាស់ខុសម៉ោងបំពេញបេសកកម្ម និងគ្មានភារកិច្ចនាំយកអាវុធតាមខ្លួន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ។

ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូម្សិលមិញនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា វិធានការរឹត បន្តឹងអាវុធនេះ គឺបានទទួលការឯកភាពពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី និងអភិបាលរាជធានីភ្នំពេញរួចហើយ មានន័យថា អ្នកដែលមិនមានសិទ្ធិក្នុងការនាំយកអាវុធតាមខ្លួននោះនឹងត្រូវបានដកហូត។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានអំពាវនាវអោយកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលគ្មានសិទ្ធិប្រើប្រាស់អាវុធយកតាមខ្លួន នៅពេលចប់បេសកកម្មរបស់ខ្លួនប្រចាំថ្ងៃរួចហើយនោះ ត្រូវទុកនៅក្នុងអង្គភាពដើម្បីវិញ ដោយចាំនៅពេលចេញប្រតិបត្តិការទើប យកមកប្រើប្រាស់វិញ។

ការប្រកាសចាត់វិធានការក្តៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញនេះ គឺធ្វើឡើងបន្ទាប់ពីមានករណីនៃការបាញ់បោះ និងផ្ទុះអាវុធដោយសេរីពីសំណាក់ជនមួយចំនួនដែលគ្មានសិទ្ធិក្នុងការយកអាវុធតាមខ្លួន និងខុសម៉ោងបំពេញ ការងារ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលធ្វើអោយមហាជនរិះគន់ជាខ្លាំង។

ដោយឡែកនៅពេលដែលមានការប្រើប្រាស់អាវុធខុសម៉ោងរដ្ឋបាល និងក្រៅបេសកកម្មនោះ នៅពេលដែលសមត្ថកិច្ចធ្វើការត្រួតពិនិត្យរកឃើញ នឹងធ្វើការដកហូតតែម្តង។ នេះគឺជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ៕