ស្នងការនគរបាលរាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំងអន្តរាគមន៍ពិសេសដើម្បីធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍

139

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា ស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កងកម្លាំង អន្តរាគមន៍ពិសេសធ្វើការចល័តក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីចូលរួមរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាមួយនឹងមន្រ្តីនគរបាលចរាចរណ៍។

ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍ពិសេសនេះ នឹងត្រូវបែងចែកជា១៦ក្រុម ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយក្នុងនោះមានការត្រួតពិនិត្យចំពោះម៉ូតូមិនមានស្លាកលេខ រថយន្ត មិនមានស្លាកលេខ និងជាពិសេសបើកបរម៉ូតូមិនពាក់មូកសុវត្ថិភាព។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ថា ការងារនេះនឹងចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០១៨ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បន្តថា ដោយឡែកនៅពេលយប់វិញ កម្លាំងអន្តរាគមន៍ពិសេសនេះ ក៏នឹងចុះអនុវត្តន៍ធ្វើការរួមត្រួតពិនិត្យចំពោះអ្នកបើកបររថយន្ត ដែលឋិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផងដែរ។

គួររំលឹកថា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បានធ្វើការអំពាវនាវដល់សមត្ថកិច្ចទាំងអស់ ត្រូវតែរួមគ្នារឹតបន្តឹងចំពោះអ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពបន្ថែមទៀត ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ដោយគ្មានមួកសុវត្ថិភាពមានការកើនឡើងគួរឲ្យព្រួយបារម្ភនោះ។

ក្នុងពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ នៅថ្ងៃទី២៨ ខែធ្នូ នេះ សម្តេច ស ខេង បានអោយដឹងថា អត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នគឺមានការកើនឡើងជាបន្តបន្ទាប់ ហើយអ្នកដែលគ្រោះថ្នាក់ដល់ជីវិតច្រើនជាងគេនោះ គឺអ្នកដែលជិះម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាពពោលគឺរហូតដល់៧៨ភាគរយ។

ឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ សម្តេចបានអំពាវនាវដល់សមត្ថកិច្ចគ្រប់អង្គភាពទាំងអស់ ត្រូវតែរឹតបន្តឹងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចណ៍នេះធ្លាក់មកនូវតិចតួចបំផុត ។ ប៉ុន្តែទន្ទឹមនឹងការរឹតបន្តឹងនេះដែរ សមត្ថកិច្ចទាំងអស់ក៏ត្រូវតែប្រកាន់ឥរិយាបទម៉ឺងម៉ាត់ តែទន់ភ្លន់ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ៕