លោក ខៀវ សុភ័គ៖ សម្តេច ហ៊ុន សែន ឯកភាពអោយក្រសួងមហាផ្ទៃរៀបចំមាត្រាច្បាប់បន្ថែមដើម្បីដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ

111

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពអោយក្រសួងមហាផ្ទៃរៀបចំមាត្រាច្បាប់បន្ថែមដើម្បីដាក់ទោសអ្នក ប្រមាថអង្គព្រះមហាក្សត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថ្មីៗនៅថ្ងៃទី៣០ ខែធ្នូនេះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានថ្មីៗ ថា ក្រសួង​​​​​​កំពុង​សិក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​មាត្រា​ច្បាប់​បន្ថែម ទាក់ទង​ទៅនឹង​ការដាក់ទោសទណ្ឌ​ទៅលើ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់ជំពូកទី២ មាត្រា ៧ បានចែងថា «​ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ​។ ព្រះមហាក្សត្រ​ទ្រង់​ជា​ប្រមុខរដ្ឋ​មួយជីវិត​។ ព្រះមហាក្សត្រ​មិនអាច​នរណា​រំលោភបំពាន​បានឡើយ​»​។

បើទោះបីជាច្បាប់រដ្ឋធម្មនុញ្ញចែងយ៉ាងនេះក្តី ក៏ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមិនទាន់មានច្បាប់ដើម្បី​ដាក់​ទោស​លើ​អ្នក​ដែល​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ឡើយ​។

​គួររំលឹកថា កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បានបើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំងឡាយ​ដែល​ធ្វើអោយប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​។

ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ បាន​ស៊ើប​ដឹងថា មាន​ជនអនាមិក​មួយចំនួន​ប្រើប្រាស់      ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ ក្រសួងមហាផ្ទៃ សម្រេច​បិទ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​សមាគម​វៀតណាម​នៅ​កម្ពុជា​» ដែល​បាន​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ផងដែរ​៕