អ្នកនាំពាក្យ​​គណបក្ស​ប្រជាជន​​ថា ការដោះស្រាយ​​បញ្ហា​ព្រំដែន ​មិនមែន​​ដើម្បី​​ប្រជាប្រិយ​ទេ​​

77

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់ថា កិច្ចការពារ​ឯករាជ្យ​ភាព អធិបតេយ្យភាព​
ជាតិ និង​បូរណភាព​ទឹកដី គឺជា​តួនាទី ភារកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​លោក​ថា ការបោះបង្គោល​ខ័ណ្ឌសីមា​ព្រំដែន​ជាមួយ​ប្រទេសជិ​តខាង រួមមាន​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង ព្រះរាជាណាចក្រ​ថៃ គឺជា​ការបំពេញ ភារកិច្ច និង​កាតព្វកិច្ច ដើម្បី​បម្រើ​បុព្វហេតុ និង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង​កសាង​ព្រំដែន​ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​យូរអង្វែង និង​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យទៅជា​តំបន់​អភិវឌ្ឈន៍ កែប្រែ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន តែ​វា​មិនមែន ដើម្បី​ប្រជាប្រិយភាព​សម្រាប់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។​

​ដូច្នេះ ការចោទប្រកាន់ថា ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​កម្ពុជា ជាពិសេស​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ឡាវ​កន្លងទៅ​ថ្មីៗ​នេះ គឺ​ដើម្បី​តែ​ប្រជាប្រិយភាព​សម្រាប់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង រដ្ឋាភិបាល​កម្ពុជា គឺជា​ការមិន​ត្រឹមត្រូវ​ទាល់តែសោះ​។​

​ប៉ុន្តែ លោក​ថា ការទទួលខុសត្រូវ​លើ​បញ្ហា​បូរណភាព​ទឹកដី​នេះ បាន​ក្លាយជា​គុណសម្បត្តិ របស់ រដ្ឋាភិបាល​កម្ពុជា របស់​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​ការគាំទ្រ យ៉ាង​ពេញទំហឹង ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​រក្សាបាន​នូវ​ឧត្តមភាព និង​សក្តានុពល​យកឈ្នះ​នៅ​គ្រប់​ការបោះឆ្នោត​។​

​ជា​ការកត់សម្គាល់ ទំនាស់​ព្រំដែន ជាមួយ​ប្រទេស​ឡាវ​កន្លងទៅ គេ​ឃើញ​សន្ទុះ​នៃ​ដំណោះស្រាយ បាន​ទាន់ពេលវេលា ឯ​ជាមួយ​ប្រទេស​ថៃ​កន្លងមក បើទោះជា​មកដល់ពេលនេះ មិនទាន់បាន​ចប់សព្វគ្រប់ ក៏​រដ្ឋាភិបាល ហាក់​មិនមាន​ភាព​ព្រងើយកន្តើយ​ឡើយ​។​ប៉ុន្តែ​បញ្ហា​ព្រំដែន​ដដែល​នេះ​ជាមួយ​ប្រទេស​វៀតណាម បានអូសបន្លាយ ជាច្រើន​ទសវត្ស​មកហើយ ដែល​មកដល់ពេលនេះ នៅ​មិនទាន់​ចប់សព្វគ្រប់​នៅឡើយ​ទេ​។​

នៅឯ​កិច្ចប្រជុំ APEC ក្នុងប្រទេស​វៀតណាម ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ង្វៀន ស៊ុក​ហ្វុក នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​មូលមាត់គ្នា នៅឯ​កិច្ចសន្ទនា​ក្រៅផ្លូវកា ថា នឹង​ជំរុញ​គណៈកម្មាធិការ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ពន្លឿន​ការបោះបង្គោល​ព្រំដែនគោ​ក ឲ្យបាន​រួចរាល់​នៅ​ឆ្នាំ​២០១៨ ព្រមទាំង​នឹង​បន្ត​ប្រឹងប្រែង កសាង​ព្រំដែន​រួមគ្នា​មួយ ដែលមាន​សុខសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍ ផ្លាស់ប្តូរ​ទំនិញ ពាណិជ្ជកម្ម និង​ទេសចរណ៍​បន្ថែមទៀត​៕