ជប៉ុន ថា ឆ្នាំ២០១៧នេះ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានការវិឌ្ឍន៍លើគ្រប់វិស័យ

69

(ភ្នំពេញ)៖ ឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃ​ទំនាក់​ទំនងដ៏មានផ្លែផ្កាល្អដែលបានធ្វើអោយ​ទំនាក់ទំនង​រវាងជប៉ុន និងកម្ពុជា គឺមានការវិឌ្ឍន៍ លើគ្រប់​វិស័យ ហើយ​ជប៉ុននឹងបន្តគាំទ្រ​ដល់ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជាក្នុងការអភិវឌ្ឍ​ដោយផ្អែក​លើ​គោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី​សម្រាប់​កម្ពុជាដែលទើបតែបានរៀបចំឡើង៕ នេះបើយោងតាមលិខិតរបស់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុងឱកាសចម្រើនព្រះជន្ម ព្រះករុណា ព្រះចៅអធិរាជប៉ុន ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនង​ប្រកបដោយផ្លែផ្ការវាង​ប្រទេស​​ទាំង​ពីរនេះ គឺបញ្ជាក់​តាមរយៈដំណើរ​ទស្សន​កិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅកាន់ប្រទេសជប៉ុនកាលពីខែសីហាកន្លងទៅនេះ។ ក្នុងនោះនាយករដ្ឋ​មន្រ្តីជប៉ុន និង នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការ​សាទរដល់​ខួប២៥ឆ្នាំ​នៃការអនុម័តច្បាប់ប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់ជប៉ុនដែលជាចំណុចចាប់ផ្តើមក្នុងការចូលរួមចំណែកថែរក្សាសន្តិភាពរបស់ជប៉ុន ហើយសកម្មភាពជាក់ស្តែង​បានចាប់ផ្តើមនៅប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីររូប ក៏បានស្វាគមន៍ចំពោះដំណើរការវិវឌ្ឍនៃភាពជា​ដៃ​គូយុទ្ធសាស្រ្ត រវាង​ប្រទេសទាំងពីរ និងឯកភាពគ្នាថាពង្រឹងកិច្ចសហប្រតិបត្តិការចំពោះបញ្ហា​ទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ។

ត្រង់ចំណុចនេះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា សង្ឍឹម​ថាចលនានៃការអភិវឌ្ឍក្នុង​ពេល​បច្ចុប្បន្ននេះ នឹងបន្តទៅមុខទៀតក្នុងឆ្នាំ២០១៨ ដែល ជាខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃការបង្កើត​ទំនាក់ទំនង​ការ​ទូតរវាងប្រទេសយើងទាំងពីរ៕