ស្របតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ចំនួន ៣ លានដុល្លារអាមេរិក សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ

57

ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងដោយគិតគូរដល់ប្រជាពលរដ្ឋទាំងអស់ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានធ្វើការឆ្លើយតបយ៉ាងរហ័ស ដោយបរិច្ចាគថវិកា ៣ លានដុល្លារអាមេរិកជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផ្តល់ជំនួយក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១ លានដូស ។សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណនៅថ្ងៃដដែលនោះ ជូនអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណនិងការកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។

សូមបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤៨ លើក ដែលបានបរិច្ចាគជាថវិកានិងសម្ភារសរុបជាង ១១.២៩៣.០០០ ដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ ម៉ឺននាក់៕