ការដាក់ទណ្ឌកម្មថ្មីរបស់យូអិន ប្រឆាំងនឹងកូរ៉េខាងជើង គឺជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់អាមេរិក

29

សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង គឺជាសមិទ្ធផលដ៏ធំធេងមួយ សម្រាប់សហរដ្ឋអាមេរិក។

ព្រឹទ្ធសមាជិកលោក បេន ខាឌីន ដែលមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាធិបតេយ្យទទួលបន្ទុកគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា បាននិយាយអំពីការអនុម័តជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សាសន្តិសុខនៃការដាក់ទណ្ឌកម្មកាន់តែខ្លាំង កាលពីថ្ងៃសុក្រ ដែលបានឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង កាលពីខែមុន។

ព្រឹទ្ធសមាជិករូបនេះ បានប្រាប់សារព័ត៌មាន Fox News ថា នោះជាទង្វើល្អមួយ។ ខ្ញុំផ្តល់ឱ្យក្រុមការងាររបស់យើងនូវការកោតសរសើរជាច្រើនចំពោះការសម្រេចនោះ។ ពួកគេបានដាក់ទណ្ឌកម្មដ៏រឹងមាំបន្ថែមទៀត ដែលត្រូវបានដាក់ប្រឆាំងនឹងកូរ៉េខាងជើង ដោយសារតែពួកគេបន្តធ្វើតេស្តមីស៊ីលឆ្លងទ្វីប។

ការដាក់ទណ្ឌកម្មបែបនេះ គឺដើម្បីកាត់បន្ថយការនាំចេញផលិតផលប្រេងកាត ទៅកាន់កូរ៉េខាងជើង បាន ៨៩ភាគរយ។ ក្រុមប្រឹក្សានេះ បានដាក់កម្រិតប្រចាំឆ្នាំចំនួន ២លានបារ៉ែល ហើយសេចក្តីសម្រេចថ្មីនេះអំពាវនាវអោយមានការកាត់បន្ថយបន្ថែមទៀត ដល់ចំនួន ៥០ម៉ឺនបារ៉ែល។ សេចក្តីសម្រេចនេះ ក៏តម្រូវឱ្យរដ្ឋសមាជិកយូអិនទាំងអស់ ធ្វើការបណ្តេញកម្មករបរទេសកូរ៉េខាងជើង ក្នុងរយៈពេល ២៤ខែ។ ប្រាក់ចំណូលរបស់កម្មករ បានជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍអាវុធរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។

លោកខាឌីនបាននិយាយថា វាជាការបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅមុខ និងដ៏អស្ចារ្យ ដែលប្រទេសចិននិងប្រទេសរុស្ស៊ី បានគាំទ្រការដាក់ទណ្ឌកម្មនេះ។ ប្រទេសទាំងពីរដែលជាសមាជិកអចិន្ត្រៃយ៍នៃសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍ចំនួនប្រាំរូប ក្នុងក្រុមប្រឹក្សាសន្តិសុខមានការស្ទាក់ស្ទើរ ក្នុងការដាក់សម្ពាធណាមួយ ដែលអាចធ្វើឱ្យអស្ថិរភាពដល់របបក្រុងព្យុងយ៉ាង។

លោកបានថ្លែងថា ឥឡូវនេះវាចាំបាច់ត្រូវតាមដានការទូត ដែលយើងបានធ្វើឱ្យចិន និងសហរដ្ឋអាមេរិក ធ្វើការជាមួយយុទ្ធសាស្រ្តដូចគ្នា ជាមួយកូរ៉េខាងជើង ដើម្បីស្វែងរកវិធីមួយ ដែលយើងអាចបន្ធូរបន្ថយភាពតានតឹង និងធ្វើឱ្យកូរ៉េខាងជើងផ្លាស់ប្តូរទិសដៅផងដែរ៕