កម្ពុជា ចាត់ទុកការ​រឹតបន្តឹង​ទិដ្ឋាការ​របស់​អាមេរិក ថា​ពុំបានពិចារណាលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិឌ្ឍនយោបាយនៅកម្ពុជា

54

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងការសោកស្តាយចំពោះការរឹតបន្តឹង​ទិដ្ឋាការ​របស់​អាមេរិកចំពោះមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានហៅ ចំណាត់ការរបស់អាមេរិកខាងលើនេះ គឺជារឿងនយោបាយ និងពុំបានពិចារណលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិឌ្ឍនយោបាយថ្មីៗនៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា«ការសម្រេចចិត្តនេះផ្ទុយពីស្មារតីនៃការបន្តកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង កម្ពុជា និងសហរដ្ឋអាមេរិក»។

ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បែបនេះ គឺឆ្លើយតបទៅនិងក្រសួងការបរទេស​អាមេរិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ ក្រោយហេតុផលថា កម្ពុជាបានធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស ធ្លាក់ចុះ។

អ្នកនាំពាក្យក្រសួងការបរទេស បានចំអកអាមេរិកថា «ប្រតិកម្មរបស់អាមេរិកចំពោះ       ការវិឌ្ឍនយោបាយនៅកម្ពុជានាពេលថ្មីៗនេះ ហាក់ដូចជាធ្វើឡើងមិនមែនក្រោមហេតុផល នៃគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ ប្រសិនបើពិចារណាលើការប្រព្រឹត្តរបស់អាមេរិកចំពោះប្រទេសផ្សេងទៀតអំពីបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»៕ ដោយ៖ Rush News