ប្រធានបក្សកាន់អំណាចចង់ឲ្យអតីតសមាជិកបក្សប្រឆាំងបង្កើតបក្សថ្មីដើម្បីចូលរួមប្រកួតការបោះឆ្នោតខាងមុខ

64

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានបក្សកាន់អំណាច បានផ្តល់យោ បល់ឲ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលបក្សខ្លួនត្រូវបានរំលាយដោយសារសាល​ដីការបស់តុលាការកំពូលហើយនោះ បង្កើតគណបក្សថ្មីដើម្បីចូលរួមប្រកួតប្រជែងការ បោះឆ្នោតជាតិខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ផេកសម្តេច នៅថ្ងៃអាទិត្យ ទី១៧ ធ្នូនេះ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន បែបនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចទទួលបានព័ត៌មាន ថាមានការនិយាយថាគណបក្សសង្រ្គោះជាតិនឹងរស់ឡើងវិញ។ បើតាមសម្តេច បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិនឹងមិនរស់ឡើងវិញនោះទេ ដោយសារតែសាលដីកាតុលាការកំពូល គឺចប់ជាស្ថាពរហើយ។

សម្តេច ហ៊ុន សែន បញ្ជាក់ថា «ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិត​ដដែលជាដដែលអំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើ និងបញ្ជាក់សាជាថ្មីថា អតីតបក្សដែលត្រូវបាន​រំលាយហើយ ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសូមឲ្យយោបល់ខ្លះៗដែលអាចមានប្រយោជន៍ ហើយកុំឲ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាត​បង់ពេលវេលាកាន់តែច្រើន»។

គួររំលឹកថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលចេញដីកាសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ តាមបណ្តឹងទាមទាររបស់មេធាវីក្រសួងមហាផ្ទៃ។ មិនត្រឹមតែរំលាយគណបក្សសង្រ្គោះជាតិនោះទេ តុលាការក៏បានសម្រេចមិនឲ្យមន្រ្តី ជាន់ខ្ពស់បក្សនេះចំនួន១១៨រូបមិនឲ្យធ្វើនយោបាយចំនួន០៥ឆ្នាំទៀតផង។

ក្រោយការសម្រេចរបស់តុលាការ ធ្វើឲ្យសហគមន៍អន្តរជាតិបង្ហាញនូវប្រតិកម្មផ្សេងៗគ្នា ជុំវិញការរំលាយនេះ។ សហគមន៍អន្តរជាតិ ដែលរួមសហរដ្ឋអាមេរិក បារាំង អូស្រ្តាលី ជាដើម បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាឲ្យស្ថានការណ៍នយោបាយត្រឡប់ទៅរកភាពដើមវិញ។ បើមិនដូច្នេះដំណើរការបោះឆ្នោតនៅពេលខាងមុខនេះពិបាកនឹងអាចទទួលយកបានដោយសារតែគ្មានវត្តមានបក្សប្រឆាំង៕