អគ្គមេបញ្ជាការកងទ័ព ប្រកាសប្តឹងលោក សម រង្ស៊ី ពីបទប្រកាសឲ្យកងទ័ពប្រឆាំងរដ្ឋាភិបាល

43

(ភ្នំពេញ)៖ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ នៅថ្ងៃពុធ ទី៦ ធ្នូនេះ បានប្រកាសប្តឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសទៅតុលាការ ពីបទប្រកាសឲ្យកងទ័ពប្រឆាំងរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី តាមរយៈវីដេអូនៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវឲ្យកងទ័ពក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុន សែន។

ករណីប្រកាសឲ្យកងទ័ពប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ពីសំណាក់លោក សម រង្ស៊ីនេះ គឺជារឿងធំ។ ដូច្នេះមេធាវីរបស់កងយោធពលខេមភូមិន្ទនឹងរៀបចំពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ នេះគឺជាការបញ្ជាក់របស់លោក ប៉ុល សារឿន ដែលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។

លោក  អះអាងថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះ គឺវាបានធ្វើឲ្យប៉ះពាល់ដល់វិន័យកងទ័ព ប៉ះពាល់ដល់លក្ខិន្តិកៈកងទ័ព និងប៉ះពាល់ដល់រដ្ឋធម្មនុញ្ញាកម្ពុជា ផងដែរ។ ហើយ សម្តីរបស់លោក សម រង្ស៊ីនេះ ទៀតសោត គឺជាអំពើក្បត់ជាតិ៕ ដោយ៖ Rush News