ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា សម្តេច ស ខេង បានណែនាំឲ្យមេប៉ុស្តិ៍រដ្ឋបាលនៅទូទាំងប្រទេស បង្កើនការចុះពន្យល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួក គាត់បានយល់ពីមូលហេតុនៃការរំលាយគណបក្សសង្រ្គោះជាតិ ខណៈដែលក្រោយការរំលាយមានប្រជាពលរដ្ឋមួយចំនួននៅតាមមូលដ្ឋានមិនទាន់ដឹងច្បាស់ពីការរំលាយនេះ។
សម្តេច ស ខេង បានលើកឡើងថា មេប៉ុស្តិ៍រដ្ឋបាល ត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន បានឲ្យដឹងនូវឧបាយកលអាក្រក់ក្នុងការចង់ផ្គួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ពីសំណាក់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និងគណបក្សខ្លួន ដើម្បីជៀសវាងការយល់ច្រឡំរបស់ប្រជាព លរដ្ឋមកលើរដ្ឋាភិបាល។
ថ្លែងក្នុងសន្និបាតស្តីពីការពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស លើកទី២ នៅព្រឹកទី១២ ធ្នូនេះ សម្តេច ស ខេង បានមានប្រសាសន៍ថា ការរំលាយបក្សប្រឆាំង និងការហាមឃាត់មន្រ្តីបក្សនេះមិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ តាមអំណាចសាលដីការបស់ តុលាការកំពូលមានសាធារណជនជាច្រើនបានយល់ និងគាំទ្រចំពោះចំណាត់របស់រដ្ឋាភិបាល និងតុលាការ។
តែទោះបីជាយ៉ាងណាក៏ដោយ សម្តេច ថា ក៏នៅមានប្រជាពលរដ្ឋមួយចំនួនដែល នៅមិនទាន់យល់ ឬក៏យល់បានខ្លះដែរ ប៉ុន្តែអាស្រ័យនិន្នាការនយោបាយឋិតនៅម្ខាង ដែល បញ្ហានេះតម្រូវឲ្យមន្រ្តីនគរបាលជាតិនិយាយជារួម ហើយនិយាយដោយឡែកមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលជួយធ្វើការបកស្រាយ ផ្សព្វផ្សាយ អប់រំ ឲ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានដឹងពីបញ្ហានេះ។
គួររំលឹកថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការទាមទាររបស់មេធាវីក្រសួងមហាផ្ទៃ បន្ទាប់ពីតុលាការរកឃើញថា ថ្នាក់ដឹកនាំគណបក្ស មួយនេះមានជាប់ពាក់ព័ន្ធនឹងផែនការចង់ធ្វើបដិវត្តន៍ពណ៍ផ្គួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។
មិនត្រឹមតែរំលាយគណបក្សសង្រ្គោះជាតិប៉ុណ្ណោះទេ តុលាការកំពូលរបស់កម្ពុជាក៏បានសម្រេចផ្អាកមិនឲ្យ មន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប មិនឲ្យធ្វើនយោបាយចំនួន០៥ឆ្នាំផងដែរ៕ ដោយ៖ Rush News