លោក កឹម សុខា មិនចូលរួមចលនាសង្គ្រោះជាតិទេ

67

លោក កឹម សុខា ត្រូវបានស្រង់សំដីថាប្រធាន​អតីតគណបក្ស​សង្គ្រោះ​ជាតិរូបនេះបញ្ជាក់​ជំហរ​ មិន​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះជាតិនោះទេ​។

ចលនាសង្គ្រោះជាតិថ្មីនេះត្រូវបានប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ កាលពីថ្ងៃទី ១២ ខែ មករា ដើម្បីគៀងគរឲ្យ​មានចលនាមួយដែលមានការចូលរួមពីគ្រប់​មជ្ឈដ្ឋាន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងឈានទៅរកការដឹកនាំប្រទេសនាពេលខាងមុខ។

ការបង្កើតចលនាសង្គ្រោះជាតិថ្មីនេះឡើងបន្ទាប់ពីគណបក្ស CNRP ត្រូវបានរំលាយ ហើយ​មន្ត្រីជាន់​ខ្ពស់​​ ១១៨​នាក់ត្រូវបានហាមឃាត់មិនឲ្យធ្វើ​សិទ្ធិ​នយោបាយរយៈពេល ៥ឆ្នាំ។

ដោយឡែកក្រោយបង្កើតចលនានេះមានមន្ត្រី និង សកម្មជន អតីតបក្សសង្គ្រោះជាតិមួយចំនួន​បដិសេធមិនចូលរួម ជាមួយគ្នានោះលោកកឹមសុខា ក៏​បញ្ជាក់​ជំហរ​យ៉ាងច្បាស់​ថា មិន​ចូលរួម​ជាមួយ​ចលនា​បង្កើត​ថ្មី និង​មិន​គាំទ្រ​ចលនា​ថ្មី​នេះ​ទេ​។​

​លោក កឹម សុខា ត្រូវបាន​លោក មុត ចន្ថា ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក​ថា​៖ «​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍​បញ្ជាក់​ជំហរ​យ៉ាងច្បាស់​ថា មិន​ចូលរួម​ជាមួយ​ចលនា​បង្កើត​ថ្មី និង​មិន​គាំទ្រ​ចលនា​ថ្មី​នេះ​”​។​

លោក មុត ចន្ថា បានសរសេរបន្ថែមថា លោក កឹម សុខា បន្ត​នៅ​ជាមួយ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ៣​លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីឆ្នាំ ២០១៣។

គួរបញ្ជាក់ថាលោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បង្កើត​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) រួមគ្នា​កាលពី​អំឡុង​ឆ្នាំ​២០១២ ហើយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា បន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ដោយរងការចោទថា «ក្បត់ជាតិ»៕