លោក រ៉ុង ឈុនត្រូវបានតែងតាំងជាទីប្រឹក្សាសមាគមគ្រូបង្រៀន

50

អតីតសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក រ៉ុង ឈុន ត្រូវបានតែងតាំង ជាទី ប្រឹក្សា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ២១ ខែ មករា បានឲ្យដឹងថាគណៈកម្មាធិការនាយកនៃសមាគមនេះ បានសម្រេចតែងតាំង លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប ជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
ក្នុងសេចក្ដីជូនដំណឹងនោះបន្តថាក្រៅពីតួនាទីជាទីប្រឹក្សាលោក រ៉ុង ឈុន ក៏នឹងទទួលបន្ទុកការទំនាក់ទំនងកិច្ចការជាតិ និងអន្តរជាតិ ជួយរៀបចំផែនការ និង យុទ្ធសាស្រ្តសមាគម និងជួយផ្ដល់បទសម្ភាសឲ្យអ្នកសារព័ត៌មានអំពីការងារសមាគម និង សង្គមផងដែរ។
លោក រ៉ុង ឈុន ធ្លាប់ជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាមុននឹងលោកត្រូវបានគណបក្សសង្រ្គោះជាតិ សម្រចជ្រើសរើសឲ្យធ្វើជាសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្ទាប់ពី គ.ជ.ប កែទម្រងថ្មីក្រោយការបោះឆ្នោតជាតិ ឆ្នាំ ២០១៣។
លោករ៉ុង ឈុន បានលាលែងពីសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ដោយតុលាការកំពូល កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ទាក់ទងនឹងការចោទប្រកាន់ថាថ្នាក់ដឹកនាំគណបក្សប្រឆាំងធំមួយនេះគឺលោក កឹម សុខា «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរលំរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន សែន៕