ឯកសារសំខាន់ៗចំនួន១៩ ត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន

60

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល កម្ពុជា​ និងរដ្ឋាភិបាលចិន។ ក្នុងនោះឯកសារសំខាន់ៗចំនួន ១៩ ត្រូវបានចុះហត្ថលេខារវាង រដ្ឋ និងរដ្ឋ ហើយរវាងវិស័យឯកជន និងឯកជន នៃប្រទេសទាំងពីរ។ នេះបើយោងតាមការ ផ្សាយរបស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេច នៅថ្ងៃនេះ។

ឯកសារទាំង១៩នោះរួមមាន៖ ១)អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការ​លើក​កម្ពស់​បន្ថែម​ការអភិវឌ្ឍមជ្ឈមណ្ឌល ផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ២)អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល ៣)កិច្ចព្រមព្រៀងស្ដីពី​កិច្ច​សហ​ប្រតិ​បត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ៤)លិខិតប្ដូរសារ ស្ដីពីគម្រោងជួសជុល​រាជវាំង​នៅអង្គរ ៥)លិខិតប្ដូរសារ ស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់ ៦)អនុស្សារណៈនៃការ​យោគ​យល់គ្នា ស្ដីពីគម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា ៧) អនុស្សារណៈ នៃការ​យោគ​​យល់គ្នា ស្ដីពីការរៀបចំផែនការរួមលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។

៨)អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវ
៩)កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជ​ឈើ​មាន​តម្លៃខ្ពស់នៅកម្ពុជា ១០)កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាង​សង់ខ្សែ​អគ្គិ​សនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់កាលទី ២ ១១)កិច្ចព្រមព្រៀងឥណទានសម្បទាន​សម្រាប់​គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៣ (ចោមចៅ បែកគូស ក្រុងកំពត) ១២)​អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រត្តិការទៅវិញទៅមក ១៣)កិច្ចព្រម​ព្រៀង​សម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះ​សីហនុ​។

១៤)កិច្ចព្រមព្រៀងស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ១៥)អនុស្សរណៈ​នៃ​ការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ ១៦)កិច្ចសន្យាសម្រាប់គម្រោងសាងសង់ខ្សែ​បញ្ជូន​អគ្គិសនី 500kv ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់ ១៧)កិច្ច​ព្រមព្រៀង​ក្របខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋាន​ភ្នំពេញ​(ថ្មី)ប្រទេសកម្ពុជា១៨)កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីគម្រោងបាញ់បង្ហោះផ្កាយរណប តេជោ ១ ១៩)កិច្ចព្រមព្រៀងស្ដីពី គម្រោងវិនិយោគ លើការសាងសង់ និងប្រតិបត្តិការកំពង់ផែ​ស្ទឹងហាវ។

សូមជម្រាបថា បន្ទាប់ពីពិធីចុះហត្ថលេខា និងប្តូរសាររួមគ្នារួចមក គឺមានការប្រកាសជាផ្លូវការ​នូវ​គម្រោងអភិវឌ្ឍន៍មួយចំនួនដែលកម្ពុជាបានសំរេចជាមួយភាគីចិន ដែលក្នងនោះគឺមាន​គម្រោង ១)“ដំណើរនៃក្តីស្រឡាញ់ពីបេះដូង” នៅកម្ពុជា ដែលភាគីចិននឹងផ្តល់ការវះកាត់​ជួយកុមារកម្ពុជាដែលមានបញ្ហាជំងឺបេះដូងចំនួន១០០ នាក់ ដែលមានរយះពេល៣ឆ្នាំ, ២)-គម្រោងសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ( ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅ នៅខេត្តត្បូងឃ្មុំ, ៣)-គម្រោងប្លង់ស្ថាបត្យកម្ម​អាកាសយាន​ដ្ឋានអន្តរជាតិសៀមរាបអង្គរ៕