អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យតុលាការទម្លាក់បទចោទលើលោក ជា មុន្នី

67

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Front Line Defenders ជំរុញឲ្យតុលាការទម្លា្កក់បទចោទលើ​អតីត​ប្រ​ធាន​​សហជីព​​លោក ជា មុន្នី និង ស្នើឲ្យអាជ្ញាធរធានាសុវត្ថិភាព និង ស៊ើបអង្កេតឲ្យបានត្រឹមត្រូវ​លើករណី​គម្រាម​សម្លាប់ និងការធ្វើទុក្ខបុកម្នេញលើលោកជាមន្នី។

លោកជាមុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ និង ជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ត្រូវបាន​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ឲ្យចូលបំភ្លឺក្នុងនាមជនសង្ស័យនៅព្រឹកថ្ងៃទី២២ ខែមករាសប្ដាហ៍ក្រោយ។

ឆ្លើយតបទៅនឹងការកោះហៅនេះ អង្គការ Front Line Defenders បានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ១៦ ខែ មករា​ ស្ដីពីការកោះហៅ​លោកហៅលោក ជា មុន្នី ពីសំណាក់តុលាការ និង ការធ្វើទុក្ខបុកម្នេញ គម្រាម​កំហែង​ដល់អាយុជីវិត។

ក្នុងសេចក្ដីថ្លែងការអង្គការ Front Line Defenders បានជំរុញឲ្យតុលាការទម្លា្កក់ចោលនូវបទចោទលើ​​​លោក ជា មុន្នី និង ស្នើឲ្យអាជ្ញាធរធានាសុវត្ថិភាព និង ស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើករណីគម្រាម​សម្លាប់ និងការធ្វើ​ទុក្ខ​បុកម្នេញ​​លើ​លោកជា មន្នី។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល Front Line Defenders ក៏ជំរុញឲ្យអាជ្ញាធរ​ចាត់​វិធានការ​ចាំបាច់ផ្សេងៗ​ដើម្បី​ធានា​​នូវភាពភាពត្រឹមត្រូវ និង សន្តិសុខទាំងផ្លូវកាយនិងផ្លូវចិត្តរបស់លោកជាមុនី។

បន្ថែមលើនោះអង្គការ​ Frontline Defenders ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​ និងអង្គការ​ការពារ​សិទ្ធិមនុស្ស និង​ ធានានូវការ ធ្វើ​សកម្មភាពរបស់ពួកគេ​អាច​ប្រព្រឹត្តិទៅបានដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រងការ​គាប​សង្កត់ផ្សេងៗ​ពីសំណាក់​តុលាការ។

លោក ជា មុន្នី ត្រូវបានក្រុមសហជីព ដែលគេមើលឃើញថា មានទំនោរគាំទ្ររដ្ឋាភិបាលប្តឹង ដោយចោទ​ពីបទ​ញុះញង់ បន្ទាប់ពីលោក បានធ្វើបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីចុងឆ្នាំ២០១៧ ដែលសហជីព​ទាំង​នោះ​ថា លោកជា មុន្នី បានអំពាវនាវឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើ​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​រំលាយបក្សប្រឆាំង៕