សម្ដេចហ៊ុន សែនប្រកាសធ្វើជានាយករដ្ឋមន្រ្តី ២ អាណត្តិទៀត

64
សម្ដេចហ៊ុន សែន ក្នុងពិធីសម្ពោធអគារតេជោសន្តិភាព។ រូបFreshnews

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថាលោកនឹងបន្តធ្វើជានាយករដ្ឋមន្រ្តី ២ អាណត្តិបន្តទៀត គឺរហូតដល់ឆ្នាំ២០២៨ ដែលលោកថា​ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យក្លាយជា​ប្រទេសដែល​មានប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​។

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ការថ្លែងអះអាងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺ​មហារីក និងសម្ភព ដែលមានឈ្មោះថា «អគារតេជោសន្តិភាព» នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ។

សម្តេចបានថ្លែងថា «ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រី ៣៣ឆ្នាំហើយ ថែម១០ឆ្នាំទៀត ក៏មិនទាន់ចាស់ទៅណាដែរ។ ខ្ញុំចង់​អមដំណើរជា​មួយអ្នកទាំងអស់គ្នា ដើម្បីចូលទៅឲ្យកៀកជាមួយប្រទេសដែលមានប្រាក់ចំណូល​មធ្យមកម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០។ ព្រោះបើគិតទៅតាមអាណត្តិនៃសភា គឺឆ្នាំ២០២៨ ទើបខ្ញុំត្រូវដកខ្លួនចេញ»។

សម្ដេចមានប្រសាសបន្តថាបើទោះបីជាការដឹកនាំវាលំបាកក្នុងអាណត្តិទី ៦​ និង ទី ៧ខាងមុខ  តែលោកបាន​ប្រកាស​មុនហើយថា​នឹងបន្តដឹក​នាំក្នុងរយៈពេលមិនតិចជាង ១០ ឆ្នាំទៀតនោះទេ។

សម្ដេច ហ៊ុន សែន ថាលោកបានដឹកនាំប្រទេសកម្ពុជាយ៉ាងលំបាកចេញពីបាតដៃទទេ រយៈពេល ៣៣ ឆ្នាំហើយ បើគិតមកដល់ថ្ងៃទី ១៤ ខែមករា ម្សិលមិញ​ ហើយបន្តដឹកនាំត្រឹម ២ អាណត្តិទៀតក៏រូបលោកមិនទាន់​ចាស់ជ្រុល​ដែរក្នុងការបន្តអភិវឌ្ឍប្រទេសឲ្យរីកចម្រើន៕