ភ្នំពេញ និងខេត្តមួយចំនួននឹងធ្លាក់ភ្លៀងកក់ខែ ចាប់ពីថ្ងៃទី ១៩ ដល់ ២១

55

ក្រសួងធនធានទឹក និង ឧតុនិយមថាភ្នំពេញ និង ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ កក់ខែ ចាប់ពីថ្ងៃទី ១៩ ដល់​ថ្ងៃទី ២១ ខាងមុខ ដោយសារ​ទទួលរងឥទ្ធិពល​ខ្យល់មូសុងភាគឥសានពីប្រទេសចិន។

នៅថ្ងៃទី ១៦​ ខែ មករានេះក្រសួងធនធានទឹក និង ឧតុនិយមបានចេញព្យាករណ៍អាកាសធាតុដោយថានៅថ្ងៃទី១៩ ដល់ ថ្ងៃទី ២១ ខែមករានេះ នឹងមានភ្លៀងធ្លាក់កក់ខែ ដោយសារប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់ មូសុង​ឥសាន និង ជ្រលងសម្ពាធខ្សោយពីប្រទេសចិន។

ក្រសួងបានបន្ថែមថាចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទិ ២១ មករា នឹងមានខ្យល់បក់មកពីទិសខាងកើត មកពីសមុទ្រចិន​ខាង​ត្បូង ដែលនឹងធ្វើឲ្យមានភ្លៀងកក់ខែធ្លាក់នៅខេត្តភាគខាងកើតជាប់​ព្រំប្រទល់ប្រទេសវៀត​ណាម និងភាគខាង​ត្បូង​ភ្នំពេញ​ ។

ក្រសួងថារាជធានី ខេត្ត ដែលនឹងមានភ្លៀងធ្លាក់នោះមានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និង​ កំពត៕