ក្រសួងសាធារណការដាក់ឲ្យដំណើរការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាជ្រោយចង្វារ

52

(ភ្នំពេញ)៖ ដើម្បីពង្រីកនិងបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយ​ស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ ក្រសួង​សាធារណការនៅថ្ងៃនេះ បានដាក់ឲ្យដំណើរការជាផ្លូវការនូវមណ្ឌលត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេសយានយន្ត សាខាជ្រោយចង្វាររបស់ក្រុមហ៊ុន CMVIC។

មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះ គឺមានទីតាំងឋិតនៅផ្លូវជាតិលេខ ៦ អា ភូមិ គៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។ ​មណ្ឌលនេះមាន​បំពាក់​ឧបករណ៍​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសទំនើប២ខ្សែ ផលិតនៅប្រទេសចិន ឆ្នាំ២០១៧ ដែល​​​ខ្សែនីមួយៗមានឧបករណ៍វាស់ផ្សែងសាំង ឧបករណ៍វាស់ផ្សែងម៉ាស៊ូត ឧបករណ៍វាស់​ល្បឿន រណ្តៅមើលបាតយាន ឧបករណ៍វាស់ភ្លើង ហ្វាកូត ឧបករណ៍វាស់ស៊ីផ្លេ ឧបករណ៍វាស់​លំងាក​ចង្កូត ឧបករណ៍ថ្លឹងទម្ងន់ និងឧបករណ៍វាស់កម្លាំងហ្វ្រាំង។

ថ្លែងក្នុងពិធីដាក់ឲ្យដំណើរការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខា​ជ្រោយ​ចង្វារ នៅព្រឹកថ្ងៃទី២១ ធ្នូនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណការ ​បានអំពាវនាវដល់បងប្អូន​ប្រជាពល​រដ្ឋ​យក​យានយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេក​ទេស​​អោយបានត្រឹមត្រូវ ដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ ដែលបណ្តាលមកពីបញ្ហា​បច្ចេកទេស​យានយន្តរបស់ខ្លួន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានស្នើអោយ​ប្រជាពលរដ្ឋប្រើប្រព័ន្ធអនឡាញ​ដើម្បី​ស្នើសុំ​ឈៀក​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការចុះបញ្ជីយានយន្ត និងការស្នើសុំសេវាចាំ​បាច់​​ផ្សេងទៀត៕