(ភ្នំពេញ)៖ បន្ទាប់ពីសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ចេញសេចក្តីសម្រេចព្រមានផ្អាកលែងផ្តល់ទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិដល់មន្រ្តីកម្ពុជា និងព្រមានព្យួរប្រព័ន្ធអនុគ្រោះពន្ធ ប្រសិនបើកម្ពុជានៅតែរំលោភបំពានសិទ្ធិមនុស្សនោះ។ ព្រឹទ្ធសភាកម្ពុជានៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្តចំពោះការសម្រេចរបស់សភាអឺរ៉ុប និងបានហៅការព្រមាននេះគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃសុក្រ ទី១៥ ធ្នូនេះ ព្រឹទ្ធសភាកម្ពុជា បានចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុបថាមានលក្ខណៈលំអៀង មិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា ហើយសេចក្តីសម្រេចនេះទៀតសោត គឺជាការជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជាប្រទេសតូច តែជារដ្ឋអធិបតេយ្យ និងឯករាជ្យ។
បន្ថែមពីនេះដែរ ព្រឹទ្ធសភាកម្ពុជា ក៏បានលើកឡើងថា ការសម្រេចរបស់តុលាការកំពូលក្នុង ការរំលាយគណបក្សសង្រ្គោះជាតិនេះ គឺត្រឹមត្រូវតាមអង្គហេតុ និងអង្គច្បាប់ ហើយការចាប់ខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដោយរង់ចាំតុលាការកាត់ ទោសតាមច្បាប់នេះ ក៏ព្រោះតែតុលាការមានភ័ស្តុតាងថា លោក កឹម សុខា បានបម្រើបរទេស ប្រឆាំងជាតិ និងប្រជាជនកម្ពុជា។
ជាចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ ព្រឹទ្ធសភាកម្ពុជា ក៏បានអំពាវនាវឲ្យសភាអឺរ៉ុបពិចារណា ឡើងវិញ និងកុំធ្វើអ្វីដែលប៉ះពាល់ដល់ដំណើរការទៅមុខរបស់កម្ពុជា ដែលកំពុងរស់នៅ ដោយល្អប្រសើរក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាមមាគ៍ានៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋពិតប្រាកដ។
សូមបញ្ជាក់ថា ដំណោះស្រាយរបស់សភាអឺរ៉ុបនេះ គឺជាគំនាបថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលកម្ពុជា។ កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានប្រកាសព្យួរជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ព្រោះរឿងរំលាយគណបក្សសង្រ្គោះជាតិ និងការហាមឃាត់មន្រ្តីជាន់ខ្ពស់គណបក្សនេះមិនអោយធ្វើនយោបាយ០៥ឆ្នាំ៕