(ភ្នំពេញ)៖ មហាជនដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហាញនូវការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើរបស់មន្រ្តីនគរបាលពាក់ស័ក្កិ៤មួយរូប ដែលបានប្រើអំពើហិង្សាទៅលើមន្រ្តីនគរបាលចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ដែលត្រូវបានគេថតជាប់ តាមរយៈកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានចែកចាយបន្តនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៩ ខែមករានេះ។
យោងតាមកាមេរ៉ាសុវត្ថិភាពដែលថតជាប់សកម្មភាពមន្រ្តីនគរបាលស័ក្កិ៤ខាងលើនេះ បានបង្ហាញនូវអំពើយ៉ាងសាហាវព្រៃផ្សែងរបស់មន្រ្តីនគរបាលខាងលើនេះ ដែលបានចាប់កអាវ និងចង្អុលមុខ ហើយថែមទាំងប្រើអំពើហិង្សាដោយធាក់មន្រ្តីនគរបាលចរាចរណ៍ខាងលើនេះចំកណ្តាលទ្រូង បើទោះបីជាគ្នានេះ បានលុតជង្គង់គោរពដោយខ្លាចអំណាចមន្រ្តី នគបាលស័ក្កិ៤នេះក៏ដោយ។
តាមរយៈសកម្មភាពសាហាវព្រៃផ្សៃខាងលើនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានធ្វើការចែកចាយនូវរូបភាពសកម្មភាពរបស់មន្រ្តីនគរបាលស័ក្កិ៤ខាងលើនេះ ដែលថតជាប់នឹងកាមេរ៉ាសុវត្ថិភាពនោះ ភ្ជាប់មកជាមួយនិងការរិះគន់ខ្លាំងៗ និងសំណូមពរអោយថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនមន្រ្តីនគរបាលចរាចរណ៍ដែលរងនូវអំពើហិង្សានេះផងដែរ។
ភ្លាមៗក្រោយការរិះគន់របស់មហាជនចំពោះទង្វើរបស់មន្រ្តីនគរបាលស័ក្កិ៤រូបនេះ នាយឧត្តមសេនីយ៍ ជូន សុវណ្ណ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា មន្រ្តីនគរបាលស័ក្កិ៤ខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនរួចហើយ ហើយនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃស្អែកនេះ បន្ទាប់វីដេអូបង្ហាញពីសកម្មភាពរបស់មន្រ្តីរូបនេះ ដែលប្រើអំពើហិង្សាទៅលើមន្រ្តីនគរបាលចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញហើយនោះ។
ប្រាប់សារព័ត៌មាន Fresh News នៅយប់ថ្ងៃទី៩ ខែមករានេះ នាយឧត្តមសេនីយ៍ ជូន សុវណ្ណ បានអោយដឹងថា សម្រាប់ករណីនេះ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់អគ្គស្នងការនគរបាលជាតិ គឺដាច់ខាតចាត់វិធានការណ៍តាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ ហើយនឹងបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក។
បើតាមនាយឧត្តមសេនីយ៍ ជូន សុវណ្ណ បានបញ្ជាក់ថា មន្រ្តីនគរបាលពាក់ស័ក្កិ៤ខាងលើនេះ មានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ បម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ដោយឡែកដើមចមដែលធ្វើអោយមន្រ្តីនគរបាលរូបនេះ ប្រើប្រាស់អំពើហិង្សាទៅលើមន្រ្តី នគរបាលចរាចរណ៍នោះ គឺផ្តើមចេញពីមន្រ្តីនគរបាលខាងលើនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ ២AC-៩០៩៩ ដោយខុសច្បាប់ចរាចរណ៍ ហើយក៏ត្រូវបានក្រុមមន្ដ្រីនគរបាលចរាចរណ៍ខាងលើនេះឃាត់ដើម្បីសួរនាំ៕