គយជប៉ុន នឹងផ្តល់នាវាល្បាតពីរគ្រឿង ជូនរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា

68

លោក Iizuka Atsuhi អគ្គនាយកនៃរដ្ឋបាលគយជប៉ុន បានមានប្រសាសន៍ថា គណៈប្រតិភូគយជប៉ុន នឹងផ្តល់នាវាល្បាតពីរគ្រឿងរបស់រដ្ឋបាលគយជប៉ុន ជូនដល់រដ្ឋបាលគយនិងរដ្ឋាករកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ និងព្រមទាំងជួយផ្តល់គម្រោងជំនួយប្រព័ន្ធស្វ័យប្រវត្តិកម្មគយជប៉ុន (NACCS) នៅក្នុងគោលបំណងដើម្បីជួយស្តារ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគយជប៉ុន ដែលដឹកនាំដោយ លោក Iizuka Atsuhi អគ្គនាយកនៃរដ្ឋបាលគយជប៉ុន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូគយជប៉ុន និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក្នុងការជួយស្តារ និងកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេស ការផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តកម្មវិធី កំណែទម្រង់និងទំនើបកម្មរបស់រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា តាំងពីឆ្នាំ១៩៨៩មក។

ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមពីទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាង ប្រទេសទាំងពីរ មានកំនើនឡើងគួរឲ្យកត់សម្គាល់ ដែលសមិទ្ធផលផ្លែផ្កាទាំងនេះ គឺជាលទ្ធផលនៃទំនាក់ទំនងសហប្រតិបត្តិការល្អរវាងរដ្ឋាបាលនៃប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការផ្តល់នាវាល្បាតពីរគ្រឿងរបស់រដ្ឋបាលគយជប៉ុន ជូនរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ជាមួយគ្នានេះ លទ្ធភាពផ្តល់គម្រោងជំនួយប្រព័ន្ធ NACCS របស់ជប៉ុន គឺជាការផ្លាស់ប្តូរប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (ASYCUDA) ដែលបាននឹងកំពុងប្រើប្រាស់ដោយរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា និងធុរជនអស់រយៈពេលជិត ១០ឆ្នាំ។ ការផ្លាស់ប្តូរប្រព័ន្ធនេះ គឺជារបត់មួយសំខាន់ដែលតម្រូវឲ្យមានការពិនិត្យ វាយតម្លៃឲ្យបានម៉ត់ចត់ និងច្បាស់លាស់គ្រប់ជ្រុងជ្រោយ។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើពន្លឿនការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលគយទាំងពីរ ដើម្បីពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ៕