របាយការណ៍គ្រឿងញៀន៖ ខេត្តភាគឥសាននៃកម្ពុជា នៅតែបន្តមានសកម្មភាពលួចចរាចរគ្រឿង​ញៀន

47

(ភ្នំពេញ)៖ របាយការណ៍កំរាស់១៧ទំព័រ នៃលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៧ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា ខេត្តភាគឥសាននៃកម្ពុជា នៅតែបន្តមានសកម្មភាពលួចចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន បើទោះបីជាសមត្ថកិច្ចខិតខំបង្រ្កាបបានចំករណីធំៗ និងកាត់ផ្តាច់ខ្សែរយៈទាក់ទងនៃឧក្រិដ្ឋជនគ្រឿង ញៀនបានច្រើនយ៉ាងណាក៏ដោយ។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងនោះក្រុមឧក្រិដ្ឋជនអន្តរជាតិ នៅតែព្យាយាមប៉ុនប៉ង ប្រើប្រាស់ទឹកដីកម្ពុជា ជាប្រទេសផលិតកែច្នៃ និងឆ្លងកាត់គ្រឿងញៀនខុសច្បាប់ តាមគ្រប់រូបភាព គ្រប់ច្រកចេញចូលទាំងផ្លូវគោក ទឹក អាកាស និងប្រៃសណីយ៍។

ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៧ ធ្នូនេះ លោក មាស វីរិទ្ធ អគ្គលេ​ខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ខេត្តភាគឥសាននៃ កម្ពុជាដែលបន្តមានគ្រឿងញៀនលួចលាក់ឆ្លងកាត់នោះរួមមាន ខេត្តព្រះវិហារ និងស្ទឹងត្រែង ដែលជាខេត្តមានព្រំដែនជាប់ជាមួយ ឡាវ ឆ្លងកាត់ពីតំបន់ត្រីកោណមាស ចូលមកកម្ពុជា ដើម្បីធ្វើការផ្គត់ ផ្គង់ទីផ្សារក្នុងស្រុក និងបរទេសផង។

សូមបញ្ជាក់ថា​  ការបង្រ្កាបបទល្មើសគ្រឿងញៀន​ ក្នុងឆមាសទី២ឆ្នាំ ២០១៧​ នេះ​ មានការកើនឡើង​ចំនួនជាង២ពាន់កណី​ និងចាប់ខ្លួនអ្នកប្រព្រឹត្ដបទល្មើសបានជាង៨ពាន់នាក់​ និងរឹបអូសសារធាតុញៀន​សរុបជាង១៥៦​ គីឡូក្រាមដោយមិនគិតពីកញ្ឆាគ្រៀម៕ ដោយ៖ Rush News