ឡើងបើកគោយន្តថយក្រោយ ខុសបច្ចេកទេស បណ្តាលឲ្យកៀបដៃចង្កូតខ្ទប់សសរផ្ទះស្លាប់ យ៉ាងអាណោចធអាធ័ម

52

 

ខេត្តកំពង់ឆ្នាំង៖ បុរសជាម្ចាស់ផ្ទះម្នាក់បានស្លាប់នៅពាក់កណ្តាលផ្លូវ នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈឡើងបើកគោយន្តកន្រ្តៃរឺយ៉ែថយក្រោយ ទំនងជាខុសបច្ចេកទេសជាប់ហ្គែរ បណ្តាលឲ្យបោកខ្លួន ជុងដៃចង្កូតខ្ទុបសសរផ្ទះខ្លួនឯង។

ករណីនេះកើតឡើងនៅម៉ោងប្រមាណ០៨និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះផ្ទាល់តែម្តង ស្ថិតក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

យោងតាមសម្តីស្ត្រីឈ្មោះ ភឹម សុខចាន់ អាយុ៣៨ឆ្នាំ ជាប្រពន្ធជនរងគ្រោះឲ្យដឹងថា៖ នៅមុនពេលកើតហេតុប្តីរបស់ខ្លួនបានឡើងបញ្ឆេះគោយន្តហើយថយទៅក្រោយ ក្នុងគោលបំណងយកចេញពីបរិវេណក្រោមផ្ទះដើម្បីឲ្យមានភាពទូលាយ ងាយស្រួលចេញចូល ប៉ុន្តែមិនបានប្រុងប្រយ័ត្ន បណ្តាលគោយន្តរ៉េចង្កូតកាច់បុកខ្ទុបសសរផ្ទះ រងរបួសធ្ងន់ធ្ងរ ហើយបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលបានស្លាប់នៅពាក់កណ្តាលផ្លូវ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងដែរថា៖ ជនរងគ្រោះមានឈ្មោះ ផាត សាលីម ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះភឹម សុខចាន់ អាយុ៣៨ឆ្នាំ កំពុងមានផ្ទៃពោះ និងកូនក្នុងបន្ទុកគ្រួសារចំនួន៣នាក់ ផងដែរ រស់នៅភូមិ/ឃុំ ខាងលើ។

ក្រោយពេលទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុសាកសួរបំភ្លឺ ពិនិត្យកុសលវិច្ច័យ សពពិតជាបានស្លាប់ដោយជនរងគ្រោះធ្វេសប្រហែសដោយខ្លួនឯង ថយគោយន្តកៀបដៃចង្កូតខ្ទប់សសរផ្ទះ និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕