៊លោក វណ្ណៈ សោភានិត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក

16

(កំពង់ធំ)÷កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កនេះបានធ្វើឡើងក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេនសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្កបានលើកយកប្រធានបទចំនួន៣មកពិភាក្សា ដែលមានទាំងការដោះស្រាយបញ្ហាគឺ÷ប្រធានបទទី១ គោលនយោបាយ(ភូមិ/ឃុំ មានសុវត្ថិភាព) ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការធ្វើអធិការកិច្ចហត្ថពលករបរទេស។ ប្រធានបទទី២ ការគ្រប់គ្រងធនធានធម្មជាតិ សំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាមដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ផ្សេងៗ។ ប្រធានបទទី៣ ៖ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាយន្តការច្រកចេញចូលតែមួយ។

លោក វណ្ណៈ សោភានិត មានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងមានសម្ថកិច្ច ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ។ គម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍ស្រុកអោយប្រែក្លាយមានការរីកចម្រើនលើគ្រប់វិស័យ ការបើកវគ្គបណ្តុះបណ្តាល និងផ្តល់សេវាជូនប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវ លូ  សមិទ្ធផលផ្សេងៗជាច្រើនទៀត កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមិទ្ធផល និងស្នាដៃការងារខាងលើនេះ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ក៏នៅមានការងារសេសសល់ និងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ដែលទៀមទារអោយក្រុមប្រឹក្សា និងគណៈអភិបាលរៀបចំជាប្រធានបទសម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតឆ្នាំនេះ ។

អង្គសន្និបាតបានសម្រេចបែងចែកក្រុមពិភាក្សា ដែលមានសមាសភាពចូលរួមពី អាជ្ញាធរមូលដ្ឋាន÷ អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីលោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុក ដើម្បីទទួលយកធាតុចូលកាន់តែច្បាស់លាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន៣ សម្រេចតាមគោលដៅរបស់អង្គសន្និបាទ។

លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក បន្តថាសំណុំកិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាព ទាមទារឱ្យយើងត្រូវបន្តខិតខំប្រឹងប្រែង រួមគ្នាថែមទៀត ដើម្បីថែរក្សាសមិទ្ធផល, ស្នាដៃការងារ និងដើម្បីពង្រីកយន្តការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាសុខសុវត្ថិភាព, ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ស្រុកប្រាសាទបល្ល័ង្កលើគ្រប់វិស័យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។