សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធខ្លីដោយខុសច្បាប់

67

 

បាត់ដំបង! កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធខ្លីដោយខុសច្បាប់កាលពីវេលាម៉ោង ២១និង​១៩នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិច្រនៀ​ង​ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹកថាស្របពេលដែលលោកកំពុងដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពចុះធ្វើការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ,ពិនិត្យជាតិអាល់កុល និងគ្រឿងញៀន នៅលើដងផ្លូវក៏បានធ្វើការត្រួតពិនិត្យទៅលើអ្នកបើកបរម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរី២០២៤ពាក់ស្លាកលេខបាត់ដំបង 1AT-7163  ដែល​មានម្ចាស់ ឈ្មោះ យ៉ើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងហើយពេលធ្វើការត្រួតពិនិត្យក៏បានរកឃើញអាវុធ​ខ្លី០១ដើមម៉ាកZORAKIM906-Tពណ៌ខ្មៅ,បង់០១, គ្រាប់ចំនួន០៥គ្រាប់ និងប្រាក់បាតថៃចំនួន១២.៦០០បាទ(មួយម៉ឺន​ពីរពាន់ប្រាំមួយរយ)បាតផងដែរ។

ក្រោយពិនិត្យឃើញដូច្នេះ សមត្ថកិច្ចបាននាំខ្លួនបុរសខាងលើមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីកាន់កាប់ដោយខុសច្បាប់នូវអាវុធខ្លីខាងលើ ហើយជាលទ្ធផលបុរសរូបនេះបានឆ្លើយសារភាពថា អាវុធមួយដើមនេះគឺខ្លួនបានទិញពីជនជាតិថៃនៅ​ព្រំដែនតម្លៃ០១ម៉ឺនបាតប្រាក់ថៃប្រមាណជា០៤ថ្ងៃមុននេះតែប៉ុណ្ណោះហើយរឿងដែលខ្លួនទិញមកនេះគឺដោយសារខ្លួនធ្វើជាសន្តិសុខឯកជនមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលុះធ្វើដំណើរពីប៉ោយប៉ែតបំណងទៅផ្ទះនៅស្រុកបវេលក៏ត្រូវសមត្ថកិច្ចនគរបាលត្រួតពិនិត្យរកឃើញតែម្តង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនឹងវត្ថុតាងខាងលើពេលនេះត្រូវបានសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី។