ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ចាត់តំណាងនិមន្តអប់រំសីលធម៌ដល់សិស្សានុសិស្សបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្រុងស្ទឹងសែន

12

 

(កំពង់ធំ)៖តបតាមការនិមន្តរបស់លោក លឹម ធេង នាយក លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន
អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែ កុម្ភៈឆ្នាំ២០២៤ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ)បានចាត់
ព្រះចន្ទសោភណរង្សី ស ចាន់ ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះលេខាធិការគណខេត្ត ជាព្រះគ្រូសូត្រស្តាំ វត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ) និងព្រះគ្រូសោភ័ណសិរីមុនី ខាត់ សៀងកាយ ព្រះគ្រូសូត្រឆ្វេងនិមន្តអប់រំសីលធម៌ដល់សិស្សានុសិស្សថ្នាក់ទី៤,៥,៦ នៃសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ មានចំនួន ៥៣៨នាក់ ។

ព្រះចន្ទសោភណរង្សី ស ចាន់ មានសង្ឃដីការថាការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនៃគុណធម៌ សីលធម៌ និងសុជីវធម៌ ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺជារឿងដែលក្រសួងអប់រំ ត្រូវយកចិត្តទុកដាក់បំផុត ដើម្បីកសាងសង្គមមួយឱ្យរីកចម្រើន ប្រកបដោយសុភមង្គល។ បើសង្គមជាតិមួយសម្បូរទៅដោយមនុស្សអសីលធម៌ និងអគុណធម៌ សង្គមនោះ ក៏សម្បូរទៅដោយមនុស្សមិនគោរពច្បាប់ជាតិដែរ។

ព្រះអង្គមានសង្ឃដីការបន្តថាប្រជាជនកម្ពុជាតាំងពីបុរាណមក មានសីលធម៌ គុណធម៌ និងសុជីវធម៌នៅក្នុងឈាមស្រាប់មកហើយដោយហេតុនោះបាននាំឱ្យជនបរទេសភាគច្រើនពោលសរសើរពលរដ្ឋកម្ពុជា។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការតាំងចិត្តមាំក្នុងភាពសុចរិត នឹងត្រូវបានមើលរំលង នៅពេលដែលពុំមានប្រព័ន្ធបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះ នៃសីលធម៌ គុណធម៌ និងសុជីវធម៌ រឹងមាំ ហើយមនុស្សម្នាក់បើទោះបីជាទទួលបានការអប់រំខ្ពស់ដល់កម្រិតណាក៏ដោយ ប្រសិនបើខ្វះគុណធម៌ ខ្វះសីលធម៌ ខ្វះមនសិការហើយ គេអាចធ្វើរឿងអាក្រក់បានគ្រប់យ៉ាងដូច្នេះ ការអប់រំពីមូលដ្ឋានគ្រឹះគុណធម៌ សីលធម៌ មានសារសំខាន់ ក្នុងការតម្រង់ទិសសង្គម។
នៅក្នុងអប់រំសីលធម៌ព្រះអង្គបានបង្រៀន៥ចំណុចពីរបៀបសំពះគឺ៖
១. សំពះត្រឹមថ្ងាស គឺសំពះ ព្រះពុទ្ធ ព្រះធម័ និងព្រះសង្ឃ
២. សំពះត្រឹមប្រជុំចិញ្ចើម ចំពោះ ព្រះមហាក្សត្រ
៣. សំពះត្រឹមច្រមុះ ចំពោះមាតាបិតា ចាស់ទុំ គ្រូបាធ្យាយ
៤. សំពះត្រឹមមាត់ ចំពោះអ្នកមានវ័យច្រើនជាង ឬអ្នកធំ
៥. សំពះត្រឹមដើមទ្រូង ចំពោះអ្នកមានវ័យស្មើគ្នា មិត្តភក្តិ ឬឋានៈស្មើគ្នា។

ចុងបញ្ចប់ព្រះអង្គព្រះចន្ទសោភណរង្សី ស ចាន់ សម្ដែងនូវការគាំទ្រចំពោះការយកចិត្តទុកដាក់របស់លោកនាយកលោកគ្រូអ្នកគ្រូដែលបាននិមន្តព្រះសង្ឃមកអប់រំទូន្មាននៅតាមសាលាហើយនៅក្នុងនោះព្រះអង្គព្យាយាមលះបង់ពេលវេលាដើម្បីចូលរួមនៅក្នុងសកម្មភាពអប់រំនៅក្នុងវិស័យអាណាចក្រដើម្បីឲ្យមនុស្សជំនាន់ក្រោយទទួលបាននូវសីលធម៌ មានគុណធម៌ ក្លាយជាពលរដ្ឋល្អក្នុងសង្គមផងដែរ។