ការបញ្ឍប់អនុញ្ញាត លេងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពក្នុងមូលដ្ឋាន

40

 

កំពង់ធំ: ការបញ្ឍប់រាល់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្គ្រាបរាល់ល្បែងសុីសងខុសច្បាប់ ត្រូវចាប់ផ្ដើមអនុវត្តនៅគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នេះគឺជាការលើកឡើងរបស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងកិច្ចជួបពិភាស្សាមួយដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ កុម្ភ:២០២៤ នៅសាលាខេត្តកំពង់ធំ

លោក ងួន រាសី អភិបាលរងខេត្ត បានណែនាំដល់អភិបាលក្រុង/ស្រុកទាំង៩ កងកម្លាំងមានសមត្ថកិច្ច ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការគ្នាបញ្ឈប់ឲ្យខានតែបាន នូវល្បែងស៊ីសងគ្រប់ប្រភេទ ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវចាត់វិធានការចាប់ និងបិទឱ្យអស់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំទាំងមូល។

ឯកឧត្តមរងអភិបាលខេត្ត បានណែនាំបែបនេះ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ និងគ្មានការអនុញ្ញាតិគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត។

លោកបានបន្តថា ការងារនេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធានាបានសុខសន្តិភាព ការអភិវឌ្ឍ និងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានការរីកចម្រើន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

ទន្ទឹមគ្នានោះដែរ លោកអភិបាលរងខេត្ត ក៍បានជំរុញដល់ អភិបាលក្រុង/ស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចគ្រប់ពាក់ព័ន្ឋសហការតាមដាន បង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដាច់ខាតត្រូវតែបង្ក្រាប ឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមាន ត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ។

ជាមួយនិងការដាក់ចេញនៅយន្តការយ៉ាងម៉ឹងមាត់របស់រដ្ឋបាលខេត្ត គេរំពឹងថា និងមានប្រសិទ្ធនៅតាមមូលដ្ឋាន ខណ:ដែល ភូមិសាស្ត្រខេត្តកំពង់ធំ ធ្លាប់ត្រូវបានដឹងថា ជាទីតាំងលាក់បាំងល្បែងសុីសងច្រើនប្រភេទក្ដៅគគុក ស្មុកស្មាញនាពេលបច្ចុប្បន្ននោះ ៕