សិក្ខាសាលាស្ដីពីវឌ្ឍនភាពនៃការអនុវត្តអនាម័យ និងសុវត្ថិភាពចំណីអាហាររបស់ផលិតករ សម្រាប់សមាជិកចលនាភូមិមួយផលិតផលមួយ។

36

 

(កំពង់ធំ)÷ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ មន្ទីរអង្គភាពនិងអាជីវករជាច្រើននាក់ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីវឌ្ឍនភាពនៃការអនុវត្តអនាម័យ និងសុវត្ថិភាពចំណីអាហាររបស់ផលិតករ សម្រាប់សមាជិកចលនាភូមិមួយផលិតផលមួយ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថាគោលនយោបាយជាតិសម្រាប់ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែលជាគោលដៅអាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀងអាហារ និងភេសជ្ជៈ មានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការស្តុកទុកវត្ថុធាតុដើម និងផលិតផលសម្រេចមិនបានត្រឹមត្រូវ និងការវេចខ្ចប់មិនស្របតាមស្តង់ដារអនាម័យឧបករណ៍កែច្នៃតិចតួចការគ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។

ឯកឧត្តម សួន រ៉ាស៊ី បានមានប្រសាសន៍ថាក្រោមគម្រោងលើកកំពស់ការអនុវត្តអនាម័យរបស់អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថភាពនិងអនាម័យចំណីអាហារ ក្នុងគោលបំណងគឺដើម្បីផ្តល់ជូននូវចំណេះដឹងដល់ ប្រតិបត្តិករគ្រប់ទីកន្លែង ផលិតចំណីអាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមាន ផែនការអនុវត្តន៍នូវគោលការណ៍ណែនាំស្តីពីសុវត្ថិភាពនិងអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់នៃការការពារចំពោះសុវត្ថិភាព និងអនាម័យ ចំណីអាហារសម្រាប់កន្លែង ផលិតអោយបានជាអតិប្បរមា។

ឯកឧត្តមអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបន្ថែមទៀតថា ការផ្តល់ការយល់ដឹង និងចែករំលែកបទពិសោធន៍គ្នាដល់សិក្ខាកាមអំពីសារៈសំខាន់នៃសុវត្ថិភាព និង អនាម័យចំណីអាហារសម្រាប់អ្នកផលិត។ ផ្តល់ការយល់ដឹងអំពីការគ្រប់គ្រងសុវត្ថិភាព និងអនាម័យចំណីអាហារសម្រាប់ប្រតិបត្តិករ ផ្តល់ចំណេះដឹងដល់ប្រតិបត្តិករ សេវាករ ចៀសផុតពីការអនុវត្តផ្ទុយពីច្បាប់ និងលក្ខខណ្ឌកំណត់។

ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងឡាយទទួលបានចំណេះដឹងកាន់តែប្រសើរឡើង អំពីការអនាម័យ និងសុវត្ថិភាពចំណីអាហារអ្នកផលិត ឬប្រតិបត្តិករ សេវាករម្ហូបអាហារទាំងឡាយប្រកាន់ខ្ជាប់ការអនុវត្តអនាម័យ និងសុវត្ថិភាពចំជាអាហារ និងដើម្បីចៀសផុតពីការដាក់ទោសទណ្ឌទៅតាមច្បាប់។ ត្រូវតែពង្រឹងសេវាកម្មលើចំណីអាហារ ប្រកបដោយគុណភាពនិងអនាម័យ ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋដែលយកទៅប្រើប្រាស់៕