ក្រសួងសុខាភិបាលកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីផ្ទុះមានជំងឺ H5N1

84

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋមានការប្រយុទ្ធប្រឆាំងខ្ពស់ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី H5N1 កើតលើសត្វបក្សី នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មកដល់ពេលនេះ មន្រ្តីជំនាញ​សុខាភិ​បាល​មិន​ទាន់រកឃើញប្រភេទជំងឺនេះឆ្លងលើមនុស្សនោះទេ។ តែទោះបីជាយ៉ាងណាមន្រ្តី​ជំនាញ​ក៏​កំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ផងដែរ។

ឆ្លើយតបទៅនឹងជំងឺនេះ ក្រសួងសុខភិបាល ក៏បានណែនាំឲ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្ន​ខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង ដែលនឹងឈានមកដល់​ក្នុងពេល​ឆាប់​ៗ​នេះ ជាពិសេសសូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់​បន្តត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច។

រោគសញ្ញាដែលសង្ស័យថា ឆ្លងជំងឺ H5N1 នោះរួមមាន៖ គ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូន​អ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ កម្ពុជាធ្លាប់កើតមាន​ជំងឺផ្តាសាយបក្សី ដែល​បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ដោយ​ឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណី​បានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់៕ ដោយ៖ Rush News