អង្គការ WCS សម្ដែងការព្រួយបារម្ភចំពោះការបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ៣រូប

68

អង្គការសមាគមអភិរក្សសត្វព្រៃ WCS សម្ដែងការព្រួយបារម្ភចំពោះការបាញ់សម្លាប់វិរៈជនការពារបរិស្ថាន ៣រូបក្នុង​ពេលបំពេញបេក្ខកម្មឃ្លាំមើល និង​ទប់ស្កាត់បទល្មើសព្រៃឈើ។

អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ០២ ខែ កុម្ភៈនេះ ស្ដីពីការ​បាញ់​​សម្លាប់ វិរៈជនអភិរក្សព្រៃឈើចំនួន ៣ រូបក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៣០ ខែ​មករា​កន្លងទៅ។

អង្គការ WCS ក៏សម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់វិរៈជនដ៏ឆ្នើម និង​កោតសរសើរ​ចំពោះ​សេចក្ដី​ក្លាហាន ការស្រលាញ់ និងការប្ដេជ្ញាចិត្តក្នុងការការពារធនធានធម្មជាតិ។

អង្គការ WCSលើកឡើងថា៖«ជារៀងរាល់ថ្ងៃមន្រ្តីឧទ្យានុរក្ស និង ក្រុមអនុវត្តច្បាប់ បានប្រថុយជីវិតរបស់ខ្លួនដើម្បី​ការពារសត្វព្រៃ និង​ព្រៃឈើ។ យើងមិនត្រូវអនុញ្ញាតឲ្យឧក្រិដ្ឋជនកាប់បំផ្លាញ់ព្រៃនៅកម្ពុជា គម្រាមកំហែង និង​បាញ់សម្លាប់អ្នកការពារសម្បត្តិធម្មជាតិ​កើតឡើងជាថ្មីទៀតឡើយ។ យើងទាំងអស់គ្នានឹងចងចាំលោក សុខណៃ លោក ខ្លា និងលោក វឌ្ឍនា ជាវិរៈជនអភិរក្សជារៀងរហូត។»

អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានលើកឡើងពីភាពរន្ធត់ និង​សោកស្ដាយ ចំពោះការបាត់បង់វិរៈជន​អភិរក្ស​​ទាំង ០៣​រូប ហើយជាការគោរព និង ឆ្លើយតបចំពោះឆន្ទៈ និង ការប្ដេជ្ញាចិត្ត​របស់​ពួកគាត់ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS នឹងបន្តគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងសហគមន៍ព្រៃឈើ​ដើម្បីរួមគ្នាបញ្ឈប់​ការ​កាប់​ឆ្កាព្រៃ និង បរបាញ់សត្វព្រៃខុសច្បាប់ ព្រមទាំងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និង ក្រុមគ្រួសារ។

វិរៈជនអភិរក្សទាំង​ ៣រូបនោះ​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ និង បុគ្គលិករ​បស់​អង្គ​កា​រ WCS លោក ថុល ខ្នា។

ក្រោយកើតហេតុរដ្ឋមន្រ្តីក្រសួងបរិស្ថាន និង​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញសាររំលែកទុក្ខ ជាមួយស្ថាប័ន​អាវុធ​ហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្ម​ជាតិ​ក្នុង​ខេត្តមណ្ឌលគិរី ហើយមន្រ្តីជាន់ខ្ពស់ក៏បានបញ្ជាឲ្យស្វែងរកជនដៃដល់ដើម្បីដាក់ទោសតាមច្បាប់។

តាមការឲ្យដឹងពីមន្រ្តីនគរបាលបានឲ្យដឹងថានៅព្រឹកថ្ងៃទី ០២​ ខែ កុម្ភៈនេះសមត្ថកិច្ចបានរកឃើញ និង ចាប់បាន​ជនដៃដល់នេះ ឈ្មោះផល​ ពេញ​ ជានាយប៉ុស្ត៍របុំង​ អូររលែ​ ខេត្តមណ្ឌលគិរី៕