មន្រ្តីនគរបាលព្រំដែនជាជនដៃដល់បាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិត្រូវចាប់ខ្លួន

50

មន្រ្តីនគរបាលជាជនដៃដល់ដែលបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣រូប នោះ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន​ហើយនៅព្រឹកនេះបន្ទាប់ពីព្យាយាមរត់គេចខ្លួនអស់រយៈពេល ៣ថ្ងៃ។

តាមការឲ្យដឹងពីមន្រ្តីនគរបាលបានឲ្យដឹងថានៅព្រឹកថ្ងៃទី ០២​ ខែ កុម្ភៈនេះសមត្ថកិច្ចបានរកឃើញ និង ចាប់​បាន​​ជនដៃដល់នេះ ឈ្មោះផល​ ពេញ​ ជានាយប៉ុស្ត៍របុំង​ អូររលែ​ ខេត្តមណ្ឌលគិរី ដែលបានបាញ់​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករ​បស់​អង្គ​កា​រ WCS លោក ថុល ខ្នា។

តាមការចុះផ្សាយរបស់ Freshnews ដែលដកស្រង់សំដីនាយកដែនជម្រកសត្វព្រៃកែវសីម៉ា លោក ឌិន ប៊ុន​ធឿន លើកឡើងថា មុនកើត​ហេតុ​ជនរងគ្រោះ ៤នាក់ មានមន្ដ្រីអាវុធហត្ថម្នាក់ មន្ដ្រីឧទ្យានុរក្សម្នាក់ បុគ្គលិក​អង្គការ WCS ម្នាក់ និងអ្នកភូមិម្នាក់បាន ជិះម៉ូតូ​២គ្រឿង ចូលទៅ​ល្បាតព្រៃឈើ ពេលនោះពួក​គេបានជួប​ជន​ជាតិ វៀត​ណាមមួយក្រុម ប្រដាប់ដោយរណាយន្ដ កាំប៉ិត និងពូថៅ កំពុង​ប្រព្រឹត្តបទល្មើ​សព្រៃ​ឈើ​។

ការចុះផ្សាយដដែលបន្តថាពេលឃើញ​បទល្មើសបែបនេះ ពួកគេទាំង៤នាក់ ក៏បានរាយការណ៍មក នាយកដែន​ជម្រកសត្វព្រៃកែវសីម៉ា ហើយលោក ឌិន ប៊ុនធឿន បានប្រាប់ទៅវិញថា ឲ្យត្រឡប់ថយក្រោយវិញ ដើម្បីយក​កម្លាំងទៅថែមធ្វើការបង្ក្រាប។

ការចុះផ្សាយបន្ថែមទៀតថា នៅពេលជនរងគ្រោះទាំង៤នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់ភូមិផង ក៏រង​ការ​បា​ញ់ប្រហា​រជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់៣នាក់ ហើយម្នាក់ទៀតបានរត់គេចទៅក្នុងភូមិ។

ការចុះផ្សាយនោះក៏បានដកស្រង់សម្តីមន្ដ្រីសមត្ថកិច្ចជាន់ខ្ពស់ម្នាក់ នៅខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញ​ឈ្មោះ បានបង្ហើបថា មុនពេ​លកើតហេតុ មន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS បានចូលទៅ​ល្បាតព្រៃ ហើយក៏ឃើញបទល្មើសព្រៃឈើ បានចេញមក​ជួបក្រុមមន្ដ្រី​នាយនគរបាលប៉ុស្ដិ៍អូររលែ ចំណុះឲ្យ​រនគរ​បាល​ការ​ពារ​ព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លេខ ៦២១ ដោយអាចសង្ស័យ​បាន​ថា ជាការមកចរចា និងនិយាយគ្នាពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនៅទីនោះ។

សមត្ថកិច្ចជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា ដោយសារតែការចរចារ និងនិយាយគ្នាមិនត្រូវ រហូតមានការ​ឈ្លោះ​ប្រកែក​គ្នា ហើយក៏មានការផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ។

ក្រោយកើតហេតុរដ្ឋមន្រ្តីក្រសួងបរិស្ថាន និង​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញសាររំលែកទុក្ខ ជាមួយស្ថាប័ន​អាវុធ​ហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្ម​ជាតិ​ក្នុង​ខេត្តមណ្ឌលគិរី ហើយមន្រ្តីជាន់ខ្ពស់ក៏បានបញ្ជាឲ្យស្វែងរកជនដៃដល់ដើម្បីដាក់ទោសតាមច្បាប់៕