រដ្ឋមន្ដ្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមានកម្ទេចចលនាសង្គ្រោះ ដោយថាបើសិនជាចលនាដែលប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី កើតមាននៅកម្ពុជា ។
សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមានបែបនេះនៅព្រឹកថ្ងៃទី២៣ ខែមករា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅក្នុងទីបញ្ជាជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។នេះបើតាមការចុះផ្សាយរបស់ Freshnews។
ការចុះផ្សាយដដែលប្រមុខការពារជាតិសម្ដេច ទៀ បាញ់ បានលើកឡើងថា៖ «អាលូវនឹងចលនាសង្គ្រោះជាតិចុងក្រោយ វាថារៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង ដូច្នេះត្រៀមឲ្យហើយទៅ គឺថាបង្កើតហិង្សាអត់បានទេ បើឃើញថារៀបចំបង្កើតយើងដាក់មុនហើយ»។
ជាមួយគ្នានោះដែរសម្ដេច ទៀ បាញ់ ក៏លើកឡើងពីការប្ដេជ្ញាការពារនូវបូរណភាពទឹកដី និងប្រឆាំងការជ្រៀតជ្រែករបស់បរទេសគ្រប់រូបភាពនៅផ្ទៃក្នុងកម្ពុជា ដោយថាជាសម្មភាពជ្រកក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ចលនាសង្គ្រោះជាតិត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១២ ខែ មករា ដោយអតីតប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយលោកថា ដើម្បីគៀងគរឲ្យមានចលនាមួយដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាល និងឈានទៅរកការដឹកនាំប្រទេសនាពេលខាងមុខ។
ការបង្កើតចលនាសង្គ្រោះជាតិថ្មីនេះ ធ្វើឡើងបន្ទាប់ពីអតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ដោយរងការចោទថា «ក្បត់ជាតិ» និងការរំលាយបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដោយហាមឃាត់មន្ត្រីជាន់ខ្ពស់ ១១៨រូប មិនឲ្យធ្វើ នយោបាយរយៈពេល ៥ឆ្នាំ។
ដោយឡែកក្រោយពីប្រកាសបង្កើតចលនានេះឡើង ប្រធានអតីតបក្សសង្គ្រោះជាតិ លោក កឹម សុខា មន្ត្រី និងសកម្មជនអតីតបក្សប្រឆាំងមួយចំនួនទៀត បានបដិសេធមិនចូលរួមចលនាណាផ្សេងក្រៅពីគណបក្សសង្គ្រោះជាតិ ដែលបោះឆ្នោតគាំទ្រដោយឆន្ទៈពលរដ្ឋជិត ៣លាននាក់កាលពីឆ្នាំ២០១៣៕