កូរ៉េទាំងពីរនឹងកំណត់ពេលបើកកិច្ចពិភាក្សាយោធា ស្តីពីការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន

35

កូរ៉េខាងត្បូងបានចាប់ផ្តើមការត្រៀមលក្ខណៈសម្រាប់អ្វីដែលជាកិច្ចចរចាយោធាលើកដំបូងជាមួយកូរ៉េខាងជើង ស្តីពីការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ក្នុងរយៈពេលជាងបីឆ្នាំមកនេះ។ ការពិភាក្សាយោធានេះ គឺជាការបន្តទៅកិច្ចព្រមព្រៀងមួយនៅឯកិច្ចចរចាកម្រិតខ្ពស់របស់ពួកគេមួយថ្ងៃមុននេះ ស្តីពីការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ។

ប៉ុន្តែវានៅតែមិនច្បាស់លាស់ថាតើភាគីទាំងពីរ នឹងបង្កើតកិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយលើការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ដែលបានបង្កឡើងដោយការបង្កហេតុរបស់របបលោក គីម ជុងអ៊ុន និងការខ្វះកិច្ចសន្ទនាទ្វេរភាគីអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងត្រូវ បានគេរំពឹងថា នឹងស្នើសុំកាលបរិច្ឆេទនិងកន្លែងសម្រាប់កិច្ចប្រជុំដែលបានព្រមព្រៀងគ្នា តាមរយៈខ្សែទូរស័ព្ទយោធាអន្តរកូរ៉េ ដែលទើបតែបើកដំណើរឡើងវិញនៅចុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ។ ដោយឡែក កូរ៉េខាងជើងបានប្រាប់កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារថា ខ្លួនបានភ្ជាប់បណ្តាញទំនាក់ទំនងយោធាឡើងវិញ នៅក្នុងសង្កាត់ភាគខាងលិច ដែលក្រុងព្យុងយ៉ាងបានកាត់ផ្តាច់នៅដើមឆ្នាំ២០១៦ ដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងសេអ៊ូល ដែលបានបិទអាគារឧស្សាហកម្មរួមនៅ Kaesong៕